ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងសង្គមពោពេញដោយសុខសន្តិភាព ពិសេសការគ្រប់គ្រងដោយជោគជ័យជំងឺកូវីដ១៩ ទើបយើងអាចមកជួបជុំគ្នារៀបចំព្រឹត្តិការណ៍នានាបាន


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានថ្លែងថា នៅក្នុងសង្គមដែលពោពេញដោយសុខសន្តិភាព និងសេ្ថរភាពនយោបាយ ជាពិសេសការគ្រប់គ្រងបានដោយជោគជ័យនៃជំងឺកូវីដ១៩ ទើបយើងអាចមកជួបជុំគ្នាបាន រៀបចំព្រឹត្តិការណ៍នានា ជាពិសេសការប្រកួតគុនខ្មែរ (khmer fight) «ជើងឯកប៉ះជើងឯក» នាពេលនេះ។

ការថ្លែងបែបនេះ របស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីប្រកួតគុនខ្មែរ (khmer fight) «ជើងឯកប៉ះជើងឯក» រវាងកីឡាករអន្តរជាតិ និងកីឡាជាតិយើង ដែលជាជើងឯក និងជាកីឡាករជម្រើសជាតិត្រៀមលក្ខណៈក្នុងការប្រកួត ASEAN GAME 2023 នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅកីឡដ្ឋានកំពង់ស្ពឺ។

នាឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ស្ពឺ សហព័ន្ធកីឡាប្រដាល់កម្ពុជា ស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងក្រុមការងារ ដែលបានសហការគ្នារៀបចំ កម្មវិធីប្រដាល់ក្បាច់គុនបុរាណខ្មែរ ដើម្បីចូលរួមអបអរពីធីបុណ្យចូលឆ្នាំសកល និងឱ្យបងប្អូនអ្នកកំពង់ស្ពឺចូលរួមអបអរ សប្បាយរីករាយនៅ កីឡដ្ឋានខេត្តកំពង់ស្ពឺថ្មីរបស់យើង។

ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល រដ្ឋបាលគ្រប់ជាន់ថ្នាក់ អាជ្ញាធរ ជាពិសេសនោះ គឺប្រជាពលរដ្ឋដែលបានសហការ យោគយល់គ្នា និងលះបង់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រហូតធ្វើឱ្យប្រទេសកម្ពុជាត្រឡប់មកស្ថានភាពដូចដើមវិញ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា សមិទ្ធផលជាច្រើនដែលយើងទាំងអស់គ្នា ជាពិសេសនាកំពុងតែទទួលបាននៅពេលនេះ ពិតណាស់ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលជាប្រមុខដឹកនាំប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ដែលធ្វើអោយប្រទេសជាតិយើង សន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍជាពិសេសខេត្តកំពង់ស្ពឺរបស់យើង តែម្តង។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងរាស្រ្ត លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត, ក្រុមការងារសហព័ន្ធកីឡាប្រដាល់កម្ពុជា សមាជិក សមាជិកា គណៈកម្មការរៀបចំការប្រកួត តំណាងក្រុមហ៊ុនឧបត្ថម្ភ និងកីឡាករ និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។

សូមជម្រាបជូនថា សម្រាប់ឆ្នាំនេះដើម្បីអបអរសាទរចូលឆ្នាំសកល ២០២៣ កម្មវិធីនៅកីឡដ្ឋានកំពង់ស្ពឺ មិនត្រឹមមានតែកម្មវិធីប្រដាល់០២ថ្ងៃនេះទេ គឺនៅមានកម្មវិធីប្រគុំតន្រ្តីចំនួន០២ថ្ងៃទៀត ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរថ្ងៃឆ្លងឆ្នាំសកល ២០២២-២០២៣ ផងដែរ៕