សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ទេសចរចិនដែលមកទស្សនាកម្ពុជា ខណៈចិននឹងបើកប្រទេសឡើងវិញនៅដើមឆ្នាំនេះ


ខណៈរដ្ឋាភិបាលចិនត្រៀមបើកប្រទេសនិងអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសបានឡើងវិញ នាដើមឆ្នាំ២០២៣នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ជាមុនចំពោះភ្ញៀវទេសចរចិនដែលចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ខណៈកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរចិនយ៉ាងហោច២លាននាក់ នៅពេលរដ្ឋាភិបាលចិនបើកប្រទេសឡើងវិញនោះ។

សូមរំលឹកថា រដ្ឋាភិបាលចិនបានប្រកាសថានឹងបិទបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបើកប្រទេសឡើងវិញ គិតចាប់តាំងពីបានបិទច្រកទ្វារអន្តរជាតិមួយផ្នែកធំកាលពីដើមឆ្នាំ២០២០កន្លមក។

ការប្រកាសស្វាគមន៍នេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២​ ខែមករា ឆ្នាំ២០២២។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ជាមុនចំពោះអ្នកទេសចរចិនដែលចង់មកទស្សនាប្រទេសកម្ពុជា នៅពេលរដ្ឋាភិបាលចិនបើកឱ្យប្រជាជនចេញក្រៅប្រទេសបានស្រួលបួលឡើងវិញនាពេលខាងមុខនោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ មានសុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅ និងមានការត្រៀមខ្លួនរួចជាស្រេចចំពោះវត្តមានភ្ញៀវទេសចរចិន។

សម្តេចតេជោ ហ៊ុន សែន ឆ្នាំនេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ២លាន២សែននាក់ប៉ុណ្ណោះ តែក៏រំពឹងថានឹងទទួលបានអ្នកទេសចរចិន២លាននាក់ ក្រោយពេលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបើកឱ្យប្រជាជនខ្លួនចេញក្រៅប្រទេសបានឡើងវិញនោះ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំនេះកម្ពុជាទទួលបានភ្ញៀវទេសចរ២លាន២សែននាក់ដែរ ហើយបើទេសចរចិនចាប់ផ្ដើមបើកជើងហោះហើរកើនឡើងក្នុងមួយថ្ងៃៗរាប់សិបជើង ពេលនោះយើងនឹងទទួលបានភ្ញៀវទេសចរចិនបាន២លាននាក់ ស្មើនឹងមុនពេលកូវីដ១៩ នោះនឹងធ្វើឱ្យមានកំណើនទេសចរនៅកម្ពុជា»។

សម្ដេចតេជោបានបន្តថា វិស័យសំខាន់មួយចំនួនគឺចាប់ផ្ដើមមានកំណើនឡើងវិញហើយ ដូចជាកសិកម្ម ឧស្សាហកម្ម សេវាកម្មជាដើម ប៉ុន្តែក្នុងវិស័យសេវាកម្មនេះគឺនៅសល់សេវាកម្មទេសចរណ៍ដែលកើនក្នុងកម្រិតទាប ពីព្រោះមុនពេលមានកូវីដ១៩កម្ពុជាទទួលបាន៦លាន៦សែននាក់ ឥលូវទទួលបានត្រឹមតែ២លាន២សែននាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២២។

គួរជម្រាបថា យោងតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានវាយតម្លៃថា កាលពីមុនពេលមានជំងឺកូវីដ១៩ ប្រទេសចិនគឺជាប្រភពទីផ្សារទេសចរណ៍ដ៏ធំជាងគេនៅលើពិភពលោក ភ្ញៀវទេសចរចិនបានចេញទៅកម្សាន្តនៅក្រៅប្រទេសរហូតដល់ជាង២០០លាននាក់ ខណៈកម្ពុជាមានគោលដៅទាក់ទាញឱ្យបាន២លាននាក់ដែរ ប៉ុន្តែកំណើននេះក៏បានធ្លាក់ចុះយ៉ាងគំហុកទៅវិញ ដោយសារតែវិបត្តិជំងឺកូវីដកាលពីចុងឆ្នាំ២០១៩។ ក្នុងស្ថានភាពនោះដែរ នៅឆ្នាំ២០២០ រដ្ឋាភិបាលចិនប្រកាសមិនឱ្យភ្ញៀវទេសចរចេញចូលប្រទេសខ្លួន តាមរយៈគោលនយោបាយ Zero Covid-19 ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះនៅក្នុងប្រទេស និងដើម្បីការពារសុខមាលភាពប្រជាជនរបស់ខ្លួនផងដែរ។

នាពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅថ្ងៃនេះដែរ លោកឯកអគ្គរដ្ឋទូចិន វ៉ាង វិនធាន ក៏បានបញ្ជាក់ថា នាពេលឆាប់ៗខាងមុខ រដ្ឋាភិបាលបាលចិននឹងអនុញ្ញាតឱ្យប្រជាជនខ្លួនចេញដើរទេសចរណ៍នៅក្រៅប្រទេសឡើងវិញ ហើយប្រទេសកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍សំខាន់សម្រាប់ពួកគេ។

បើតាមការសិក្សារបស់ក្រសួងទេសចរណ៍ នៅពេលរដ្ឋាភិបាលចិនបើកឱ្យប្រជាជនចេញក្រៅប្រទេសបានឡើងវិញ នោះកម្ពុជានឹងទទួលភ្ញៀវទេសចរពីប្រទេសនេះប្រមាណ២លាននាក់ ជាមួយនឹងការដាក់ចេញយុទ្ធសាស្ត្រទាក់ទាញ និងការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវទេសចរដទៃទៀត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងដែរថា យោងតាមស្ថានភាពបច្ចុប្បន្ន កម្ពុជារំពឹងថាយ៉ាងយូរត្រឹមឆ្នាំ២០២៦ ទើបទទួលបានទេសចរអន្តរជាតិច្រើនដូចមុនវិបត្តិកូវីដ-១៩៕