អភិបាលរាជធានីភ្នំពេញ ក្រើនរំឮកដល់សិស្សានុសិស្សត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង និងចៀសឱ្យផុតពីអំពើអបាយមុខនានា


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើដល់សិស្សានុសិស្សខិតខំក្រេបជញ្ជក់ចំណេះដឹង ពីលោកគ្រូ-អ្នកគ្រូ ឱ្យបានជ្រៅជ្រះ និងគេចឱ្យឆ្ងាយពីសកម្មភាពមិនគប្បី និងឥទ្ធិពលអវិជ្ជមានទាំងឡាយ ដែលបានកើតមានក្នុងសង្គម ដូចជាការលេងល្បែងស៊ីសង ការប្រព្រឹត្តអំពើពាលាអាវាសែ ការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តបទល្មើសផ្សេងៗ ក្មេងទំនើង បងតូចបងធំ និងទង្វើខុសច្បាប់ផ្សេងៗ ដើម្បីអនាគតដ៏ ភ្លឺថ្លាត្រចះត្រចង់ នាពេលអនាគតសមនឹងពាក្យស្លោក «ទំពាំងស្នងឫស្សី យុវជនប្រុសស្រីស្នងជាតិ»។

ការផ្តាំផ្ញើបែបនេះ របស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងចែករង្វាន់ដល់សិស្សពូកែសម្រាប់ក្របខ័ណ្ឌអប់រំទូទាំងរាជធានីភ្នំពេញ ជាង៤,០០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលក្នុងសម័យកាលនោះ បានបើកបវេសនកាលឱ្យសិស្សានុសិស្ស បានចូលរៀនសូត្រឡើងវិញ សម្រាប់ឆ្នាំសិក្សា១៩៧៩-១៩៨០ ជាលើកដំបូង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៩ នៅរាជធានីភ្នំពេញ ហើយចាប់តាំងពីពេលនោះមក រហូតដល់ពេលបច្ចុប្បន្ននេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែណែនាំដល់ក្រសួងជំនាញ និងរដ្ឋបាលរាជធានី-ខេត្ត ឱ្យរៀបចំពិធីបើកបវេសនកាលជារៀងរាល់ឆ្នាំ ដោយហេតុថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃការអប់រំ និងបានចាត់ទុកវិស័យនេះ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត ដូចបានកំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានធាតុចូលចាំបាច់បំផុតចំនួន៤ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព នោះគឺ «មនុស្ស ទឹក ផ្លូវ និងភ្លើង»

ឯកឧត្តម ឃួង ស្រេង បន្តថា ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣នេះ បានប្រព្រឹត្តទៅជាប្រក្រតី និងជាបវេសនកាល ឆ្នាំទី២ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ។

សមិទ្ធផលដ៏ធំធេងទាំងនេះ គឺផ្តើមចេញអំពីការដាក់ចេញនូវយុទ្ធសាស្ត្រនិងវិធានការនានា ប្រកបដោយ ប្រសិទ្ធភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទន្ទឹមគ្នាទៅនឹងការដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ការពារជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ស្របតាម «អភិក្រមផ្ការីក» ទាំងដូសមូលដ្ឋាន និងដូសជំរុញ ចាក់ជូនប្រជាពលរដ្ឋ ពោលគឺសម្ដេចតេជោនាយករដ្ឋមន្រ្តី បានបន្តស្រោចស្រង់អាយុជីវិតប្រជាជនកម្ពុជា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសក្មួយៗសិស្សានុសិស្សទាំងអស់ និងក្រុមគ្រួសារ ពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ យ៉ាងពិតប្រាកដ។

បន្ថែមលើនេះ ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយ ភាពជោគជ័យយ៉ាងត្រចះត្រចង់ ទាំងលើទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចសហប្រតិបត្តិការ ទន្ទឹមគ្នាទៅនឹងការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ និងក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសជាមិត្ត អញ្ជើញមកចូលរួមកិច្ច ប្រជុំនៅរាជធានីភ្នំពេញ ដែលនេះពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីតម្លៃដ៏មហាសាលនៃ «សន្តិភាព» និងអ្វី ដែលជា «កម្ពុជាពិត» ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចតជោ នាយករដ្ឋមន្ត្រី ធ្វើឱ្យកិត្យានុភាពកម្ពុជា កាន់តែល្បីរន្ទឺសុះសាយទៅក្នុងតំបន់ និងពិភពលោក ស័ក្តិសមបំផុតទៅនឹងការ ទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ដែលវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក បានប្រគល់ជូនសម្តេច កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។

ឯកឧត្តមបន្តថា នៅឆ្នាំ២០២៣ ខាងមុខនេះ ប្រទេសកម្ពុជានឹងត្រូវទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងព្រឹត្តិការណ៍ ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ដែលសុទ្ធសឹងតែជាមុខមាត់ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ហើយរាជធានីភ្នំពេញ គឺជាមូលដ្ឋានដ៏សំខាន់ ក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនេះ ដូច្នេះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏ដូចជាគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវត្រៀមលក្ខណៈ ខិតខំហ្វឹកហាត់ ដណ្ដើមជ័យលាភី នឹងចូលរួមអនុវត្តកិច្ចការទាំងឡាយ ដើម្បីគាំទ្រព្រឹត្តិការណ៏ទាំងអស់នេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនៅគ្រប់ដំណាក់កាលទាំងអស់ ។

ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានថ្លែងថា សិស្សពូកែសម្រាប់ក្របខ័ណ្ឌអប់រំទូទាំងរាជធានីភ្នំពេញដែលបានទទួលរង្វាន់នៅពេលនេះ បានចំនួនជាង ៤,០០០នាក់ ក្នុងនោះសិស្សពូកែថ្នាក់អន្តរជាតិចំនួន៨០នាក់។

លោកក៏បានផ្តាំផ្ញើអោយសិស្សនុសិស្សទាំងអស់បន្តការខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូ-អ្នកគ្រូ ឱ្យបានជ្រៅជ្រះបន្ថែមទៀត ដើម្បីអនាគតដ៏ភ្លឺថ្លា សមនឹងពាក្យស្លោក ទំពាំងស្នងឫស្សីយុវជនប្រុសស្រីស្នងជាតិ៕