លោកជំទាវបណ្ឌិត ម៉ែន សំអន អញ្ជើញរៀបចំក្រុងពាលី​ និងអភិសេករូបសំណាក «បារមីលោកតា លោកយាយព្រះពោធិ៍ព្រឹក» ថែរក្សាខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង​​ នៅព្រឹកថ្ងៃទី៦ ខែមករាឆ្នាំ២០២៣ បានអញ្ជេីញរៀបចំពិពីសែនក្រុងពាលី​ និងអភិសេករូបសំណាក «បារមីលោកតា លោកយាយព្រះពោធិ៍ព្រឹក» ថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី​ សួនច្បារលោកហុកឡងឌី (សួនពោធិ៍ព្រឹក្សា)​ ស្ថិតក្នុងភូមិរោងបន្លែ​ សង្កាត់ស្វាយរៀង​ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី មន្ទីរជុំវិញខេត្ត ក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា​ អាស្រមថ្មីបារមី «លោកតា លោកយាយព្រះពោធិ៍ព្រឹក»​ ដែលបានរៀបចំពិធីសែនក្រុងពាលីនាព្រឹកនេះ​ គឺជាទីគោរពសក្ការៈបូជា​សម្រាប់ថ្នាក់ដឹកនាំខេត្ត​ និងប្រជាពលរដ្ឋមកបន់ស្រន់សុំសេចក្តីសុខចម្រេីន ហើយសួនច្បារលោក ហុក ឡងឌី (សួនពោធិ៍ព្រឹក្សា) ក៏ជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀង ហាត់ប្រាណ និងដើរលេងកម្សាន្តផងដែរ។

ប្រជាពលរដ្ឋបានលើកឡើងថា អាណត្តិដឹកនាំរបស់លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង បានកែរប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ច ឱ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញ អ្នកវិនិយោគមកបណ្តាក់ទុន នៅក្នុងទឹកដីខេត្តស្វាយរៀង បង្កើតការងារឱ្យប្រជាពលរដ្ឋធ្វើនៅមូលដ្ឋានរាប់ម៉ឺននាក់ បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានជីវភាពធូរធាបានមួយកម្រិត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕