ផ្ទះ១ខ្នង ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបន្តប្រគល់ជូនគ្រួសារអតីត​យុទ្ធ​ជនពលីនៅ​ឃុំ​ព្រៃគុយ ស្រុកកំពង់ស្វាយ


ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី រួមជាមួយអាជ្ញាធរដែនដី នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ បានប្រគល់ខ្នង១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈទេសរដ្ឋមន្រ្តីកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិព្រៃគុយ ឃុំ​ព្រៃគុយ ស្រុក​កំពង់ស្វាយ​ ខេត្ត​កំពង់ធំ​។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ លោក​ស្រី កាន់ គឹមលី អាយុ៤៩ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុកចំនួន៣នាក់ ប្រកបមុខរបរធ្វើស្រែ ត្រូវជាភរិយាសពលោកព្រិន្ទបាលឯក ស៊ុន សម្បត្តិ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៩១ នៅអង្គភាពទ័ពឆ័ត្រយោង៩១១ រាជធានីភ្នំពេញ​។​ ហើយបានពលីជីវិតនៅឆ្នាំ២០០៥ ដោយសារជំងឺរើមុខរបូសចាស់។ ​ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាត ទើបគណៈកម្មាធិការសមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ​ សុំការសម្រេចសាង​សង់​ផ្ទះជូនគាត់នៅពេលនេះ​ជាខ្នងផ្ទះទី២៣៨ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន​សែន​ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង​ស្មាតបត​ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន និង​ប្រជាពលរដ្ឋ​ទាំង​អស់​ ត្រូវ​ខិតខំ​ថែរក្សា​សុខភាព​ និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន ៧៥គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៉ីវ​ចំនួន​២យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន​ ព្រមទាំងថវិកាមួយចំនួនផងដែរ។

លោកស្រី កាន់ គឹមលី គ្រួសារអតីតយុទ្ធជនពលី និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត​និង​សូម​គោរព​ជូន​ពរ​ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និង​បានប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ​សម្តេច​តេជោ ហ៊ុន​ សែន​ លុះ​អវសាន្តជីវិត​៕