សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនគ្រួសារសម្រាលបានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយដល់គ្រួសារសម្រាលកូនភ្លោះ៣ មួយគ្រួសារទៀត ដែលកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ អញ្ជើញនាំយកទៅប្រគល់ជូនគ្រួសារសម្រាលទារកភ្លោះ ៣នាក់ ជាគ្រួសារទី៣៩៥ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ។

អំណោយដ៏សប្បុរសទាំងនោះរួមមាន៖ ថវិកា៥លានរៀល, អង្ករ ៥០គីឡូក្រាម, ទឹកដោះគោ​ ២កេសធំ, ស្កសរ ៥គីឡូក្រាម សារុង២ និងក្រម៉ា២។

គ្រួសារដែលទទួលបានអំណោយដ៏ថ្លៃថ្លានេះ ប្រសូត្រនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ជាកូនលើកដំបូងប្រុស ៣នាក់ ដែលមានឪពុកឈ្មោះ ហាក់ លីហៃ អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ និងម្តាយឈ្មោះ អំ គន្ធី អាយុ ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅរស់នៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

នាឱកាសនោះ លោក សេង ទៀង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។

លោក សេង ទៀង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះ៣នាក់ ឬ ៤នាក់ ចំនួន៣៩៥គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

បន្ថែមពីនេះ លោក សេង ទៀង បានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល, អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះ៣ ឬ ៤នាក់។

ដោយសារស្ថានភាពសុខភាពរបស់មាតា និងទារកមិនទាន់មានភាពល្អប្រសើរ និងម្យ៉ាងទៀតដោយសារកូនត្រូវរក្សាក្នុងកែវបំប៉នសុខភាព, លោក សេង ទៀង បានផ្តាំផ្ញើជូនដល់ក្រុមគ្រួពេទ្យឯកទេស បន្តយកចិត្តទុកដាកតាមដានសុខភាពជូនដល់គ្រួសារកូនភ្លោះ ៣នាក់នោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តស្នាក់នៅថែទាំងសុខភាពក្នុងមន្ទីរពេទ្យឱ្យមានរយៈពេលយូរ មុនពេលចេញទៅកាន់លំដៅដ្ឋានវិញ។

ទន្ទឹមនឹងនេះដែរ លោកក៏បានផ្តាំផ្ញើដល់គ្រួសារកូនភ្លោះ៣ នាំយកអំណោយទាំងអស់នេះ ចិញ្ចឹមបីបាច់ និងខិតខំថែរក្សាកូនភ្លោះទាំង៣ ឱ្យមានសុខភាព និងមានអនាគតល្អទៅថ្ងៃខាងមុខ។

លោក សេង ទៀង បានផ្តាំផ្ញើដល់គ្រួសារកូនភ្លោះ ៣នាក់ ត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីឱ្យកម្ពុជាឈ្នះនឹងជំងឺកូវីដ១៩ ទាំងអស់គ្នា។

តំណាងមាតាបិតាកូនភ្លោះ ៣នាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទ័លក្រក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ពោលគឺពេលនេះសម្តេចបានចាត់ឱ្យតំណាងរបស់សម្តេចបាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដែគ្រូសាររបស់ខ្លួន ដែលប្រសូត្របានទារកភ្លោះ ៣នាក់ ដើម្បីជួយសំរាលដល់ការលំបាកក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំង ៣នាក់នេះ ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀត ក្នុងសង្គមដ៏រីកចម្រើននេះ៕