ឯកឧត្តមបណ្ឌិត គឹម សន្តិភាព៖ បើគ្មាន៧មករាទេ កម្ពុជាក៏គ្មានថ្ងៃនេះដែរ, អរគុណបងប្អូនខ្មែរក្រៅប្រទេស ដែលនៅចង់ចាំស្មារតី៧មករា !


ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់រួមជាមួយក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់៥ ដែលតំណាងឲ្យឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ ៥នៃប្រទេសនូវ៉ែលហ្សេឡង់ នៅល្ងាចថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នារដ្ឋធានីវែល្លីងតុន ប្រទេសនូវ៉ែលហ្សេឡង់ ដែលពិធីនេះ រៀបចំឡើងដោយបងប្អូនជនរួមជាតិខ្មែរយើង រស់នៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ។

នៅក្នុងអង្គពីធីនោះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ចំពោះលោកពូ អ្នកមីង បងប្អូន ជាជនរួមជាតិទាំងអស់ ដែលរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលឆន្ទៈ មនសិការស្នេហាជាតិមាតុភូមិពេញបរិបូរណ៌ ដែលកន្លងមក រហូតមកដល់បច្ចុប្បន្ន បងប្អូនបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្សេងៗ ដើម្បីចូលរួមគ្រប់សកម្មភាពជួយគាំពារជាតិ ជាមួយក្រុមការងាររបស់យើងខ្ញុំ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាទេវតាសង្គ្រោះ ដែលបានរំដោះអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ ដែលកំពុងរងទុក្ខវេទនាក្នុងនរកអវីចី នៃរបបប្រល័យពូជសាសន៍ ដោយសារការកាប់សម្លាប់ឥតត្រាប្រណី ការធ្វើទារុណកម្មដ៏សាហាវយង់ឃ្នង ការបង្អត់អាហារ ការជិះជាន់កេងប្រវ័ញ្ចធ្វើបាបគ្រប់រូបភាព និងការបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ មិនតែប៉ុណ្ណោះ ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ ៧ មករា ១៩៧៩ ទេវតាសង្គ្រោះ ដែលសព្វថ្ងៃ យើងហៅថា គណបក្សប្រជាជនកម្ពុជា បាននៅបន្តថែរក្សា ការពារ និងអភិវឌ្ឍជាតិមាតុភូមិ ប្រកបដោយសុខសន្តិភាព សេរីភាព ស្ថិរភាព បូរណភាពទឹកដី លទ្ធិប្រជាធិបតេយ្យ និងការីចម្រើនជឿនលឿន រហូតមកដល់សព្វថ្ងៃនេះ៕