សម្តេចតេជោ ហ៊ុន សែន ផ្តើមទស្សនកិច្ចផ្លូវការ ជាមួយការទទួលបដិសណ្ឋារកិច្ចខ្ពស់ ពីប្រធានាធិបតីម៉ាល់ឌីវ


នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅក្នុង ប្រទេសម៉ាល់ឌីវហើយ។ សម្តេចតេជោ ហ៊ុន សែន ទទួលបានការបដិសណ្ឋារកិច្ចកម្រិតខ្ពស់បំផុតពីសំណាក់ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ។

ពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងយ៉ាងមហោឡារិក។ ក្នុងពិធីបដិសណ្ឋារកិច្ចនៅទីលាន Jumhooree Maidhaan កម្រាលព្រំពណ៌ក្រហមដ៏វែង បានស្វាគមន៍វត្តមានសម្តេចតេជោ ជាមួយការសម្តែងសិល្បៈស្វាគមន៍ដោយក្រុមនិស្សិត ព្រមទាំងមានការបាញ់កាំភ្លើងធំចំនួន៧ដើម ដោយកងទ័ពម៉ាល់ឌីវផងដែរ។

បន្ទាប់ពីពិធីស្វាគមន៍សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស បង្ហាញចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសម៉ាល់ឌីវ។

បន្ទាប់ពីនោះសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីម៉ាល់ឌីវ បានជួបប្រជុំចង្អៀត មុននឹងអញ្ជើញជួបប្រជុំទ្វេភាគី។

ក្រោយពីប្រជុំចង្អៀត និងប្រជុំទ្វេភាគីប្រកបដោយផ្លែផ្កាខ្ពស់ លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើពិធីសារចំនួន៦។

ក្រោយពីពិធីចុះហត្ថលេខាហើយ សម្តេចតេជោ និងលោកប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នា។

ពិធីសារដែលចុះហត្ថលេខានាពេលនោះរួមមាន៖

កិច្ចព្រមព្រៀង និងអនុស្សារណៈចំនួន៦ រវាងកម្ពុជា និងម៉ាលឌីវ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន

(ម៉ាល់ឌីវ)៖ កិច្ចព្រមព្រៀង និងអនុស្សារណៈចំនួន៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងម៉ាឌីវ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយ លោក អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅវិមានប្រធានាធិបតីម៉ាល់ឌីវ ក្នុងនោះរួមមាន៖

១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។ (ចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។

២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ (ចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។

៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ (ចុះហត្ថ លេខាដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។

៤៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុង វិស័យទេសចរណ៍។ (ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍)។

៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃសាធារណ- រដ្ឋម៉ាល់ឌីវ និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។ (ចុះហត្ថលេខាដោយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល)។

៦៖ អនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជ- កម្មជាតិ និងឧស្សាហកម្មម៉ាល់ឌីវ។ (ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា)។

កម្ពុជា និងម៉ាល់ឌីវ បានបង្កើតចំណងការទូតជាមួយគ្នាតាំងតែពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥ ប៉ុន្តែប្រទេសទាំងពីរមិនទាន់មានស្ថានទូតប្រចាំប្រទេសនៅឡើយទេ ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគក៏មានកម្រិតទាបនៅឡើយ។

 ម៉ាល់ឌីវ មានផ្ទៃដីត្រឹមតែ ៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ បានទទួលឯករាជ្យពីចក្រភពអង់គ្លេស កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៦៥។

ប្រទេសនេះស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដោយមានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសស្រីលង្ការ និងឥណ្ឌា និងមានប្រជាពលរដ្ឋត្រឹមតែជាងកន្លះលាននាក់តែប៉ុណ្ណោះ ភាគច្រើនជាមូស្លីម ខណៈដែលពុទ្ធសាសនាក៏ធ្លាប់មានប្រវត្តិមកដល់ដែនកោះនេះផងដែរ។

ម៉ាល់ឌីវតូច ប្រជាជនតិច ប៉ុន្តែអត្រាផលិតផលនៅក្នុងស្រុកសរុបរបស់ប្រទេសនេះ គឺមានរហូតដល់ទៅ ១១,៣៨ ពាន់លានដុល្លារ ពោលគឺលំដាប់ទី១៦២ នៅលើពិភពលោក តែប្រសិនបើនិយាយអំពីអត្រាផលិតផលនៅក្នុងស្រុកសរុបសម្រាប់ពលរដ្ឋម្នាក់ៗគឺ ២៩,០០០ដុល្លារ នៅក្នុងមួយឆ្នាំ ពោលគឺលំដាប់ទី ៦២ នៅលើពិភពលោក។

ម៉ាល់ឌីវ ជាប្រទេសដែលប្រកាន់យករបបប្រធានាធិបតីអាស្រ័យរដ្ឋធម្មនុញ្ញ ដោយប្រធានាធិបតី ជាប្រមុខរដ្ឋផង ជាប្រមុខរដ្ឋាភិបាលផង។

នៅមុនឆ្នាំ១៩៧០ សេដ្ឋកិច្ចសំខាន់របស់ប្រទេសនេះ គឺកសិកម្ម ប៉ុន្តែមកដល់បច្ចុប្បន្ននេះ គឺទេសចរណ៍ ដោយវិស័យនេះ គឺជាប្រភពចំបងនៃអត្រាផលិតផលសរុបរបស់ប្រទេសដល់ទៅ ២៨ ភាគរយ ប៉ុន្តែចំណូលរបស់រដ្ឋាភិបាល ពោលគឺដល់ទៅ ៩០ ភាគរយ គឺបានមកពីពន្ធទាក់ទងនឹងវិស័យទេសចរណ៍ និងការនាំចេញនាំចូល។

នេសាទ និងវារីវប្បកម្មក៏ជាប្រភពចំបងនៃអត្រាផលិតផលសរុបរបស់ប្រទេសកោះមួយនេះផងដែរ។ វិស័យនេះ ជាប្រភពចំណូលដែលរួមវិភាគទានដល់អត្រាផលិតផលនៅក្នុងស្រុកសរុបប្រមាណជា ១៥ភាគរយ ហើយវិស័យនេះបានផ្តល់ការងារធ្វើដល់ពលរដ្ឋប្រមាណជា ៣០ភាគរយ៕