មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញការធ្វើបណ្ណកម្មសិទ្ធិលើដីរដ្ឋនៅទូទាំងខេត្តរតនគិរី


នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី បានប្រជុំដឹកនាំលើការងារផ្សព្វផ្សាយ ធ្វើបណ្ណកម្មសិទ្ធិនៅលើដីរដ្ឋនៅខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនេះឯកឧត្តម វ៉ាន់ សោភា បានលើកឡើងថា កន្លងមកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តរតនគិរី នៅមិនទាន់បានរៀបចំបានគ្រប់ជ្រុងជ្រោយនៅឡើយ ដោយសារតែមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មួយចំនួន នៅមិនទាន់បានអនុវត្តឲ្យបានពេញលេញក្នុងការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឬតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំឲ្យបានទាន់ពេលវេលា ដែលកំណត់ដោយអនុក្រឹត្យ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមថា ការចុះបញ្ជីអចលនទ្រព្យ និងការស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក៏នៅមានការយឺតយ៉ាវ និងខ្វះចន្លោះជាច្រើន ដោយសារតែអចលនទ្រព្យមួយចំនួន ស្ថិតក្នុងជម្លោះ ឬមានការជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ បំពានកាន់កាប់ជាដើម។

ឯកឧត្តមអភិបាលរងខេត្តបន្តថា ក្រោយពីមានការប្រជុំជំរុញការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងឆ្នាំ២០២២ មានមន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិតែ៣៤ប៉ុណ្ណោះ បានធ្វើតារាងកើនឡើងថយចុះនូវ ទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២១។រី ឯការចុះបញ្ជីអចលនទ្រព្យក្នុងខេត្តរតនគិរឺ មានសរុបចំនួន ៥៩២ទីតាំង មានបណ្ណកម្មសិទ្ធិចំនួន១៤៨ទីតាំង ស្មើនឹង ២៥%និង ដីដែលគ្មានបណ្ណកម្មសិទ្ធិ មានចំនួន ៤៤៤ទីតាំង ស្មើនឹង ៧៥%។

ថ្លែងក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឯកឧត្តម សរ សុវណ្ណ បានណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងបណ្ដាមន្ទីរអង្គភាពទាំងអស់ក្នុងខេត្តរតនគិរី ត្រូវកំណត់ទំហ៊ំក្បាលដី និងចំនួនក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ បន្ថែមពីនោះ ត្រូវកំណត់ព្រំដីជាមួយដីជិតខាងឱ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុមការងារ ងាយស្រួលក្នុងការវាស់វែង ព្រមទាំងបញ្ជាក់ពីប្រវត្តិដីឱ្យបានជាក់លាក់ និងត្រូវបញ្ជាក់ តំណាងក្នុងការគ្រប់គ្រងសំដៅងាយស្រួល ក្នុងការចុះបញ្ជីដីធ្លីរដ្ឋឲ្យមានប្រសិទ្ធិភាពខ្ពស់។

ទន្ទឹមនោះ ឯកឧត្តមក៏បានជំរុញដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឱ្យ បានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕