អភិបាលរងខេត្តព្រះវិហារ អំពាវនាវប្រជាពលរដ្ឋ ត្រូវមានការចងចាំជានិច្ចថ្ងៃរំដោះ ៧ មករា និងរួមគ្នាការពារសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ


ឯកឧត្តម យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំពាវនាវប្រជាពលរដ្ឋ ត្រូវមានការចងចាំជានិច្ចថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រោះជាថ្ងៃកំណើតទី២របស់ខ្មែរគ្រប់ៗរូប ព្រោះបើគ្មានការលះបង់ ការបូជាសាច់ស្រស់ ឈាមស្រស់ទេ យើងក៏គ្មានឱកាសបានជួបជុំគ្នាដូចពេលនេះដែរ។

ឯកឧត្តមថា «អ្នកដែលបំភ្លេច បំភ្លៃ និងបំផ្លាញថ្ងៃ ៧ មករា គឺជាជនក្បត់ជាតិ ហើយប្រទេសណាក៏ដោយ ថ្នាក់ដឹកនាំណាក៏ដោយ តែងតែសរសើរសម្តេចតេជោ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យប្រទេសជាតិយើងទទួលបានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យថែមទៀត និងជាពិសេសរួមគ្នាដើម្បីការពារសន្តិភាពឲ្យបាន»

ការថ្លែងលើកឡើងបែបនេះរបស់ឯកឧត្តម យុង គឹមហ៊ាន ក្នុងឱកាសដែលឯកឧត្តមតំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះថ្ងៃ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅស្រុកសង្គមថ្មី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី និងអាជ្ញាធរស្រុក ឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ឯកឧត្តម យុង គឹមហ៊ាន បានថ្លែងប្រាប់យុវជនជំនាន់ក្រោយពីរឿងពិតកាលពី៤៤ឆ្នាំមុន ដែលដឹកនាំដោយរបប ប៉ុល ពត។ របបអាវខ្មៅនេះ ​មានការកាប់សម្លាប់មនុស្សដូចសត្វធាតុ។ ប្រជាពលរដ្ឋរស់នៅគ្មានសិទ្ធិសេរីភាពទេ ដូចឯកសារមួយចំនួនដែលបានចងក្រងទុកជាភស្តុតាងស្រាប់។ ប៉ុន្តែក្រោមការលះបង់សាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំ មានដូចជាសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ទើបធ្វើឱ្យប្រទេសជាតិយើងត្រូវរំដោះបានទាំងស្រុង ពីរបបខ្មៅងងឹតនេះ ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពឡើងវិញ។

ឯកឧត្តមអភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា «ប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបប្រល័យពូជសាសន៍ រហូតមកដល់ប្រទេសជាតិយើងមានការអភិវឌ្ឍន៍គ្រប់វិស័យបែបនេះ គឺថ្នាក់ដឹកនាំយើងពិសេសសម្តេចតេជោ ហ៊ុន សែន បានលះបង់ច្រើនណាស់ គឺដៃម្ខាងកសាងជាតិ និងដៃម្ខាងទៀតទប់ទល់នឹងការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម។ លើសពីនេះទៀតសម្តេច ហ៊ុន សែន បានចូលទៅក្នុងតំបន់ខ្មែរក្រហម ស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិទាំងមូល ក្រោមនយោបាយ ឈ្នះ ឈ្នះ»