ក្រុងសៀមរាប និងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសជាក្រុងស្រុកអស់មីន


នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅសាលាក្រុងសៀមរាប ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាសក្រុងសៀមរាប និងស្រុកក្រឡាញ់ ជាក្រុង ស្រុក អស់មីន។

ពិធីអបអរសាទរនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ លោកស្រី ប៊ុត រតនា តំណាង HDR&D លោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំកម្ពុជា មន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងប្រតិបត្តិករបោសសម្អាតមីន។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ទៀ សីហា រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកក្រឡាញ់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ និងផ្តល់លទ្ធភាពងាយស្រួលដល់កងកម្លាំងបោសសម្អាតមីនទាំងអស់ ក៏ដូចជាជូនដល់កងកម្លាំងបោសសម្អាតមីនរបស់អង្គការ HALO Trust ធ្វើការបញ្ចប់ការងារបោសសម្អាតមីនក្នុងក្រុងសៀមរាប និងស្រុកក្រឡាញ់ទទួលបានជោគជ័យ ក្នុងទំហំផ្ទៃដីសរុប ៩៤៦.៥១២ ម៉ែត្រក្រឡា។

ឯកឧត្តមបន្តទៀតថា ការប្រកាសក្រុងស្រុកអស់មីននាថ្ងៃនេះ គឺអង្គការ HALO Trust បានធ្វើការបោសសម្អាត និងទទួលការគាំទ្រពីគម្រោងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ ដែលមានការចូលរួមពីរដ្ឋាភិបាលនិងប្រជាជននៃប្រទេសស្វីស អាល្លឺម៉ង់ ចក្រភពអង់គ្លេស អាមេរិក អៀរឡង់ និងHDR&D ហើយតាមរយៈគម្រោងនេះផងដែរ អង្គការ HALO Trust ឆ្នាំ២០២៣ នេះ គ្រោងនឹងបញ្ចប់ការងារបោសសម្អាតមីននៅស្រុកចំនួនពីរបន្ថែមទៀតក្នុងខេត្តសៀមរាប រួមមានស្រុកពួក និងស្រុកស្រីស្នំ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ខេត្តសៀមរាបទាំងមូល នៅសល់ផ្ទៃដីសង្ស័យមានមីនចំនួន ៤៨.៩៣៦.៤៩៩ ម៉ែត្រក្រឡា ស្មើនឹង ៥៧០ ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ១០ ទៀត ដែលរាជរដ្ឋាភិបាល សហការជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ បានយកចិត្តទុកដាក់ និងគ្រោងបញ្ចប់ការងារបោសសម្អាតមីនរួមគ្នាក្នុងឆ្នាំ២០២៣នេះ រួមមាន រាជរដ្ឋាភិបាលកម្ពុជា (គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥) អាល្លឺម៉ង់ ស្វីស អាមេរិក អង់គ្លេស អៀរឡង់ ចិន HDR&D អង្គភាពស៊ីម៉ាក់ អង្គការ HALO Trust អង្គការដោះមីនកម្ពុជា និងអង្គការ APOPO ។

ឯកឧត្តមបន្តទៀតថា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» កម្ពុជា នៅសល់រយៈពេល ០៣ឆ្នាំទៀត ត្រូវបញ្ចប់ការងារបោសសម្អាតមីន ឲ្យអស់ក្នុងទំហំផ្ទៃដីមានមីននៅសល់ចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា។

អាជ្ញាធរមីន សហការជាមួយប្រតិបត្តិករជាតិ-អន្តរជាតិ បានរៀបចំឲ្យមានផែនការច្បាស់លាស់ ដោយចាប់ផ្តើមការបោសសម្អាតមីនដែលយើងបានដឹងឲ្យអស់ពី ភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ និងឈានទៅដល់ការប្រកាសកម្ពុជាអស់មីនក្នុងឆ្នាំ២០២៥។

ទោះបីយើងដោះស្រាយបញ្ហាមីនចប់ត្រឹមឆ្នាំ២០២៥ ប៉ុន្តែបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម ដូចជា គ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ ក៏មានទំហំធំធេងណាស់ដែរ ដែលយើងមិនអាចដោះស្រាយ បានអស់ត្រឹមឆ្នាំ២០២៥ ឡើយ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលរស់នៅតាមតំបន់នៅមានហានិភ័យដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមចូលរួមអនុវត្តដូចខាងក្រោម៖

*បើឃើញគ្រាប់មីន ឬវត្ថុអ្វីដែលសង្ស័យថាជាសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំ ប៉ះពាល់ កុំដំ កុំដុត កុំកាយ និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬអ្នកបោសសម្អាតមីនដែលនៅជិតបំផុត
*ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជា អំពើល្មើសច្បាប់
*កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្រ្តច្បាស់ ឬសង្ស័យថាមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕