សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីប្រទេសម៉ាល់ឌីវ ក្រោយបញ្ចប់ទស្សនកិច្ច ប្រកបដោយផ្លែផ្កាខ្ពស់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ អញ្ជើញចាកចេញពីប្រទេសម៉ាល់ឌីវហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់។ ជាពិសេសការបន្តពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ ការទូត ការវិនិយោគ និងពាណិជ្ជកម្មជាប្រយោជន៍ខ្ពស់សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចតេជោ និងគណៈប្រតិភូ បានអញ្ជើញចាកចេញពីប្រទេសម៉ាល់ឌីវ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៧ ខែមករា ម៉ោងនៅទីក្រុងម៉ាល ត្រូវនឹងម៉ោង ១០ព្រឹក ម៉ោងនៅកម្ពុជា។

ជូនដំណើរនិវត្តន៍របស់សម្តេចតេជោ និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា រួមមាន លោក អាប់ឌុលឡា សាហ៉ីដ រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ លោក អ៊ុង ស៊ាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំម៉ាល់ឌីវ ព្រមទាំងលោក លោកស្រីជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលម៉ាល់ឌីវ និងឥស្សរជនការទូតកម្ពុជា ប្រចាំម៉ាល់ឌីវជាច្រើនរូបទៀត។

តាមការគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៣រសៀលថ្ងៃដដែលនេះ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច នៅប្រទេសម៉ាល់ឌីវ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ នេះជាដំណើរបំពេញទស្សនកិច្ចជាលើកដំបូងហើយ សម្រាប់សម្តេចតេជោ នៅលើប្រទេសដែនកោះហ៊ុំព័ទ្ធដោយសមុទ្រ ដ៏ស្រស់ត្រកាលមួយនេះ បន្ទាប់ពីកម្ពុជា និងម៉ាល់ឌីវ ភ្ជាប់ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩៥។

នៅថ្ងៃទី១៦ ខែមករា សម្តេចតេជោ ហ៊ុន សែន បានផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅលើប្រទេសដែនកោះប្រៀបដូចឋានសួគ៌ ក្រោមមេឃមួយនេះ ទទួលបានការបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ និងកម្រិតខ្ពស់ពីសំណាក់ប្រធានាធិបតីម៉ាល់ឌីវ លោក អ៉ីប្រាហ៉ីម ម៉ូហាម៉េដ សូលី ព្រមទាំងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលម៉ាល់ឌីវ ជាច្រើនរូបទៀត នៅលើកម្រាលព្រំពណ៌ក្រហមឆ្អិតឆ្អៅដ៏វែងអន្លាយ។

ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលអមដំណើរដោយផ្ទាល់ពីលោកប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ រួមទាំងការសំដែងសិល្បៈតាមបែបប្រពៃណីរបស់ម៉ាល់ឌីវ ដោយក្រុមសិល្បៈនិស្សិតម៉ាល់ឌីវ និងការបាញ់កាំភ្លើងធំ ៧ដើម របស់កងទ័ពម៉ាល់ឌីវ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចបានបញ្ចប់ទៅ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញជួបពិភាក្សាការងារ។ ជំនួបពិភាក្សាការងារបានធ្វើឡើងពីរកម្រិត គឺកម្រិតចង្អៀត និងកម្រិតទ្វេភាគី។

ជំនួបទាំងពីរកម្រិតនេះ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីម៉ាល់ឌីវ បានជជែកដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងការស្វែងរកមធ្យោ បាយថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស។

សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីម៉ាល់ឌីវ ក៏បានបានផ្លាស់ប្តូរយោបល់ គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ទៅវិញទៅមកផងដែរ។

បន្ទាប់ពីជំនួបពិភាក្សាការងារលោកប្រធានាធិបតីម៉ាល់ឌីវ បានរៀបចំពីលៀងសាយភោជន៍ជាមហាកិត្តិយសជូនសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

នៅរសៀលថ្ងៃដដែលសម្តេចតេជោ ហ៊ុន សែន ក៏បានមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអនុប្រធានាធិបតី ប្រធានរដ្ឋសភា រដ្ឋមន្ត្រីការបរទេស និងប្រធានតុលាការកំពូលរបស់ប្រទេសម៉ាល់ឌីវផងដែរ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅលើប្រទេសដែនកោះនៅពេលនេះ គឺជាការបើកទំព័រដើមឆ្នាំ២០២៣ ក្នុងការគាស់រំលើងទំនាក់ទំនងជាមួយមិត្តចាស់ ដែលជាការនាំមកនូវឧបត្តមប្រយោជន៍ខ្ពស់មួយសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការពង្រឹង និងពង្រីកទំនាក់ទំនងប៉ុណ្ណោះទេ តែអ្វីដែលជាប្រយោជន៍សំខាន់នោះ គឺប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ជាពិសេសការបើកច្រកទីផ្សារបន្ថែមសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា និងម៉ាល់ឌីវ បានបង្កើតចំណងការទូតជាមួយគ្នាតាំងតែពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥ ប៉ុន្តែប្រទេសទាំងពីរមិនទាន់មានស្ថានទូតប្រចាំប្រទេសនៅឡើយទេ ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគក៏មានកម្រិតទាបនៅឡើយ។

ម៉ាល់ឌីវ មានផ្ទៃដីត្រឹមតែ ៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ បានទទួលឯករាជ្យពីចក្រភពអង់គ្លេស កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៦៥។

ប្រទេសនេះស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដោយមានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសស្រីលង្ការ និងឥណ្ឌា និងមានប្រជាពលរដ្ឋត្រឹមតែជាងកន្លះលាននាក់តែប៉ុណ្ណោះ ភាគច្រើនជាមូស្លីម ខណៈដែលពុទ្ធសាសនាក៏ធ្លាប់មានប្រវត្តិមកដល់ដែនកោះនេះផងដែរ។

ម៉ាល់ឌីវតូច ប្រជាជនតិច ប៉ុន្តែអត្រាផលិតផលនៅក្នុងស្រុកសរុបរបស់ប្រទេសនេះ គឺមានរហូតដល់ទៅ ១១,៣៨ ពាន់លានដុល្លារ ពោលគឺលំដាប់ទី១៦២ នៅលើពិភពលោក តែប្រសិនបើនិយាយអំពីអត្រាផលិតផលនៅក្នុងស្រុកសរុបសម្រាប់ពលរដ្ឋម្នាក់ៗគឺ ២៩ ០០០ ដុល្លារ នៅក្នុងមួយឆ្នាំ ពោលគឺលំដាប់ទី ៦២ នៅលើពិភពលោក។

ម៉ាល់ឌីវ ជាប្រទេសដែលប្រកាន់យករបបប្រធានាធិបតីអាស្រ័យរដ្ឋធម្មនុញ្ញ ដោយប្រធានាធិបតី ជាប្រមុខរដ្ឋផង ជាប្រមុខរដ្ឋាភិបាលផង។

នៅមុនឆ្នាំ១៩៧០ សេដ្ឋកិច្ចសំខាន់របស់ប្រទេសនេះ គឺកសិកម្ម ប៉ុន្តែមកដល់បច្ចុប្បន្ននេះ គឺទេសចរណ៍ ដោយវិស័យនេះ គឺជាប្រភពចំបងនៃអត្រាផលិតផលសរុបរបស់ប្រទេសដល់ទៅ ២៨ ភាគរយ ប៉ុន្តែចំណូលរបស់រដ្ឋាភិបាល ពោលគឺដល់ទៅ ៩០ ភាគរយ គឺបានមកពីពន្ធទាក់ទងនឹងវិស័យទេសចរណ៍ និងការនាំចេញនាំចូល។

នេសាទ និងវារីវប្បកម្មក៏ជាប្រភពចំបងនៃអត្រាផលិតផលសរុប របស់ប្រទេសកោះមួយនេះផងដែរ។ វិស័យនេះ ជាប្រភពចំណូលដែលរួមវិភាគទានដល់ អត្រាផលិតផលនៅក្នុងស្រុកសរុបប្រមាណជា ១៥ភាគរយ ហើយវិស័យនេះបានផ្តល់ការងារធ្វើដល់ពលរដ្ឋប្រមាណជា ៣០ភាគរយ៕