ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តដល់សិស្សានុសិស្ស ចាប់យកមុខជំនាញបច្ចេកទេស ដែលកំពុងមានតម្រូវការច្រើន និងងាយស្រួល ក្នុងការរកការងារធ្វើ


ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងចាប់ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន ៩១កន្លែង របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសិស្សានុសិស្ស នៅក្នុងស្រុកខ្សាច់កណ្តាល ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល, អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក, ក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំ, គណៈកម្មាធិការគណបក្សស្រុក, នាយក នាយករង និងសិស្សចាប់អាហារូបករណ៍សរុបចំនួន ២២០ នាក់។ សិស្សដែលបានចូលរួមចាប់ឆ្នោត អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង នាពេលនេះ គឺមានចំនួន៦៧នាក់ ក្នុងនោះសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាលចំនួន៣០នាក់, វិទ្យាល័យ ហ៊ុន សែន ROTA ចំនួន២៨នាក់ និងវិទ្យាល័យព្រែកលួង ចំនួន៩នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានពាំនាំនូវបណ្ដាំសាកសួរសុខទុក និងការនឹករលឹកពីសំណាក់ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ជូនដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលអគ្គបណ្ឌិតសភាចារ្យ តែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដោយបានផ្តល់ជូននូវអាហារូបករណ៍ជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះ គឺបានផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១១០ កន្លែង និងថ្នាក់បរិញ្ញាបត្ររងចំនួន ៩១ សម្រាប់ស្រុកខ្សាច់កណ្តាល។

សូមបញ្ជាក់ផងដែរថា សម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១១០ កន្លែង គឺបានធ្វើការចាប់ឆ្នោតរួចហើយ កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ។

ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលបានចូលរួមចាប់ឆ្នោតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ឲ្យបន្តការសិក្សាទៅមុខទៀត ដោយកំណត់គោលដៅ សម្រាប់ការសិក្សាឱ្យបានច្បាស់លាស់ និងចាប់យកនូវមុខជំនាញបច្ចេកទេស ដែលកំពុងមានតម្រូវការច្រើន និងងាយស្រួលក្នុងការរកការងារធ្វើ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ៕