ឯកឧត្តម គួច ចំរើន អញ្ជើញបញ្ចូលសមាជិកថ្មីក្នុងក្រុងព្រះសីហនុចំនួន ៧៥០នាក់


ថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ មកពីសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ។

លោក សរ កក្កដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនក្រុងព្រះសីហនុ បានឡើងរាយការណ៍ ពីសកម្មភាពបញ្ចូលសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាថ្មី មកពីសង្កាត់ទាំង៤ របស់ក្នុងក្រុងព្រះសីហនុ មានចំនួន ៧៥០នាក់ ស្រី ៤០៧នាក់។ ក្នុងនោះមកពីសង្កាត់លេខ១ ចំនួន ២៩៦នាក់ ស្រី ១៦១នាក់, សង្កាត់លេខ២ ចំនួន១១៧នាក់ ស្រី ៦១នាក់, សង្កាត់លេខ៣ ចំនួន ១០៩នាក់ ស្រី ៥៧នាក់, និងសង្កាត់លេខ៤ ចំនួន ២២៨នាក់ ស្រី ១២៧នាក់។

ឯកឧត្តម គួច ចំរើន បានធ្វើការសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សថ្មីដែលបានមកពីសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ចំនួន ៧៥០នាក់ ក្នុងនាមសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមគណបក្សខេត្ត គណបក្សក្រុង សូមស្វាគមន៍លោក លោកស្រីដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ពិតជាត្រឹមត្រូវសមស្រប និងបានបេ្តជ្ញាចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ។

សូមអបអរសាទរ និងពាំនាំការផ្តាំផ្ញើសួសុខទុក្ខពីឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ យើងរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ គណបក្សប្រជាជនបានបង្កើតឡើង ៧២ឆ្នាំមកហើយ ដោយធ្វើការរំដោះប្រទេសចេញជាតិចេញពីនឹមអាណានិគមនិយមបារាំង ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តម បានបន្តថា ខេត្តព្រះសីហនុ បានក៏កើតឡើងនៅជំនាន់សម្តេចព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរដ្ឋនកោដ្ឋ តែកម្ពុជាជួបវិបត្តសង្គ្រាមចាប់ពីឆ្នាំ១៩៧០ ដោយ សារតែសង្គ្រាមផ្ទៃក្នុង ធ្វើឱ្យកម្ពុជាខកខានធ្វើការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។ ដោយអនុវត្តន៍នូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមបានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើចលនាតស៊ូរំដោះប្រទេសជាតិនៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ហើយការខិតខំប្រឹងប្រែងការពារជាតិ និងការអភិវឌ្ឍប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ កម្ពុជាបានធ្វើការបោះឆ្នោតថ្នាក់ជាតិ ៦លើក និងថ្នាក់មូលដ្ឋាន ៥លើករួមមកហើយ និងត្រៀមរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍ និងធ្វើការដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា ប្រជាពលរដ្ឋមានការគាំទ្រ ពិសេសសមាជិក សមាជិកា និងមហាជនចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២កន្លងមក ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតផ្លូកទឹកផ្លូកដី។ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលការ និងទិសដៅថែរក្សាសុខសន្តិភាព ផ្តល់ឱកាសឱ្យយើងគ្រប់គ្នាចូលរួមកសាងសង្គមជាតិ ពីប្រទេសក្រីក្រ មកកាន់ដំណាក់កាលប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ដូច្នេះយើងត្រូវរួមគ្នាកសាងសេដ្ឋកិច្ចសង្គមឱ្យមានការលូតលាស់បន្ថែមទៀត នេះជាការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។ ឆ្លងកាត់ដំណាក់កាលកូវីដ-១៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសុំា និងគោលនយោបាយកិច្ចគាំពារសង្គមជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ។ ម្យ៉ាងទៀតដោយមានការទទួលស្គាល់ពីអន្តរជាតិថា កម្ពុជាជំរុញការចាក់វ៉ាក់សាំងនាំមុខគេ ដោយមិនគិតលុយ យើងមានឱកាសជួបជុំគ្នា បើកសេដ្ឋកិច្ចសង្គម និងបើកប្រទេសឡើងវិញប្រកប ដោយប្រក្រតីភាព ៕