រដ្ឋមន្ត្រីវប្បធម៌៖ ការងារអប់រំ គឺជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ហើយត្រូវបានយកចិត្តទុកដាក់កសាងមូលដ្ឋានសិក្សានៅគ្រប់ភូមិសិក្សា


លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង បានថ្លែងថា ការងារអប់រំគឺជាគោលនយោបាយអទិភាពរបស់រាជរដ្ឋាភិបាល ហើយត្រូវបានយកចិត្តទុកដាក់កសាងមូលដ្ឋានសិក្សានៅគ្រប់ភូមិសិក្សា នៅទូទាំងប្រទេស។

ក្នុងពិធីសម្ពោធបើកដាក់ឲ្យប្រើប្រាស់មត្តេយ្យសិក្សាសហគមន៍ ឃុំស្វាយរំពារ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ការងារអប់ រំគឺជាគោលនយោបាយអទិភាពរបស់រាជរដ្ឋាភិបាល ហើយត្រូវបានយកចិត្តទុកដាក់កសាងមូលដ្ឋានសិក្សានៅគ្រប់ភូមិសិក្សា នៅទូទាំងប្រទេស។ ជាក់ស្ដែងថ្ងៃនេះមូលដ្ឋានរបស់យើង ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលរួមជាមួយនឹងមាតាបិតាអាណាព្យាបាល ព្រះសង្ឃចូលរួមស្ថាបនាផ្ដល់ទីតាំងឲ្យកូនៗក្មួយៗបានចូលសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីដែលរឹងមាំនៃប្រទេសជាតិ»

លោកជំទាវរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ នៅទូទាំងស្រុកដែលកន្លងមកបានរួមចំណែកកសាងធនធានមនុស្ស តាមរយៈបង្ហាត់បង្រៀនសិស្សដោយមិនគិតពីកម្លាំងកាយចិត្ត បើទោះជាមូលដ្ឋានសិក្សាខ្លះមិនទាន់សមស្របទៅតាមនិយាមគរុកោសល្យ និងឧបទ្ទេសសិក្សាក៏ដោយ សិស្សានុសិស្សនៅតែបានឆ្លងផុតទៅបន្តសិក្សានៅឯគ្រឹះស្ថានផ្សេងៗជាបន្តបន្ទាប់ផងដែរ។

លោកជំទាវបានអំពាវនាវដល់ពលរដ្ឋត្រូវថែរក្សាសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បន្ថែមលើសពីនេះត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលកើតមាននៅក្នុងតំបន់ ពិសេសមតេ្តយ្យសិក្សាដែលទើបនឹងសម្ពោធបើកដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះឲ្យបានគង់វង្សសម្រាប់ឲ្យកូនចៅបន្តសិក្សាពីមួយជំនាន់ទៅមួយជំនាន់មួយទៀត។

តំណាងមាតាបិតា អាណាព្យាបាលសិស្ស បានសម្តែងការអបអរសាទរសប្បាយរីករាយ ចំពោះក្រុមការងារចុះជួយស្រុកបានជួយកសាងសាលារៀនឲ្យកូនចៅរបស់គាត់បានចូលសិក្សារៀនសូត្រផងដែរ។

សូមបញ្ជាក់ថា អាគារសាលាមត្តេយ្យសហគមន៍មានទទឹង ៥ ម៉ែត្រ និងបណ្ដោយបណ្ដោយ ១០ ម៉ែត្រ ស្ថាបនាពីបេតុងដំបូលប្រក់សង្កសីមាន តុ គ្រូ និង ក្តាខៀន បន្ទប់អនាម័យ ចំណាយអស់ថវិកាសាងសង់ប្រមាណជាង ៨ពាន់ដុល្លារ៕