ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានអញ្ជើញចុះជួបសំណេះសំណាលប្រជាពលរដ្ឋ និងប្រគល់ប្រព័ន្ធទឹកស្អាតខ្នាតតូចចំនួន២កន្លែង តំលៃជិតពីរម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ


ព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជន របស់គណបក្សប្រជាជនកម្ពុជា អមដំណើរដោយ ឯកឧត្តមវេជ្ជ. ពាស់ មូស្លិម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងអភិបាល នៃគណៈអភិបាលខេត្ត លោកខៃរ៉ូល ហាហ្វីស ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាពិបាលអង្គការមាគ៌ាជីវិត លោក លោកស្រី អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលប្រជា និងប្រគល់ប្រព័ន្ធទឹកស្អាតខ្នាតតូចចំនួន២កន្លែង នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បើតាមការលើកឡើងរបស់ម្ចាស់ជំនួយ បានឲ្យដឹងថា ការសាងសង់ប្រព័ន្ធទឹកស្អាត សម្រាប់ភូមិខ្វាននេះ ជាប្រភេទទឹកមាន PH កម្រិតខ្ពស់ ដែលមានគុណភាពល្អ សម្រាប់ការប្រើប្រាស់។ លោកបញ្ជាក់ថា ប្រព័ន្ធទឹកមាននេះ អាយុកាលរាប់សិបឆ្នាំ និងជាផ្នែកមួយសំខាន់ សម្រាប់ជីវភាពរស់នៅ ក្នុងការទ្រទ្រង់អាយុជីវិត ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។ នៅក្នុងពិធីនេះ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ នៅទូទាំងប្រទេស បានទទួលផលផ្លែផ្ការៀងៗខ្លួន ដោយសារប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ដោយសារប្រជាពលរដ្ឋ បានជ្រើសរើសមេដឹកនាំត្រឹមត្រូវ។ សុខសន្តិភាព ប្រៀបដូចជាខ្យល់អ៊ុកស៊ីសែន សម្រាប់ការដកដង្ហើម។ ឯកឧត្តម សូមអំពាវនាវប្រជាពលរដ្ឋ ឲ្យដឹងគុណ ចំពោះថ្នាក់ដឹកនាំ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ដែលជាផលផ្លែផ្កា នៃការដឹកនាំត្រឹមត្រូវ របស់រាជរដ្ឋាភិបាល។ ការលើកឡើងនេះ ឯកឧត្តម សុះ មុះសិន បានថ្លែងក្នុងឱកាសសម្ពោធប្រព័ន្ធទឹកស្អាត សម្រាប់ភូមិខ្វាន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រើប្រាស់ដោយឥតគិតថ្លៃ ដែលជាអំណោយសប្បុរសធម៌របស់អង្គការមាគ៌ាជីវិត។

ឯកឧត្តម បានបន្តលើកឡើងដែរថា សន្តិភាព ពិតជាមានសារៈសំខាន់ ធ្វើឲ្យប្រទេសមានការអភិវឌ្ឍ ដោយសារនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សំណូមពរឲ្យប្រជាពលរដ្ឋ បន្តការជឿលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រោះគ្មានអ្នកណាដឹកនាំល្អដូច សម្តេចតេជោនាយករដ្ឋមន្រ្តី សព្វថ្ងៃនោះទេ ៕