សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថាន ក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៦៨ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា


នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៦៨ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២៣)។

យុទ្ធនាការសម្អាតបរិស្ថាន នៅសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា បានធ្វើឡើងក្រោមវត្តមានរបស់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមរបស់លោកព្រឹទ្ធាចារ្យ ទួន ទេស ស្ថាបនិកផ្តួចផ្តើមរៀបចំសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មន្ត្រីនៃខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីមន្ទីរបរិស្ថានខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

យុទ្ធនាការនេះ ក៏បានធ្វើការបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅ ធ្វើជាផ្លូវការពារភ្លើងឆេះដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដោយជាយថាហេតុណាមួយ ជាពិសេសដើម្បីបញ្ជាក់ពី សកម្មភាពចូលរួមរបស់ប្អូនៗ យុវជនកាកបាទក្រហមកម្ពុជា ដូចដែលពាក្យស្លោកបានលើកឡើងថា «យុវជនកំពុងនាំគ្នាធ្វើសកម្មភាព» ផងដែរ។ ក្នុងនោះដែរ មន្ត្រីដែលមកពីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបានកាប់មែកឈើដែលចាស់ៗ និងកាប់កូនឈើតូចៗគ្មានប្រយោជន៍ចោល ដើម្បីឲ្យដើមរបស់វាអាចលូតលាស់បានល្អ ហើយសកម្មភាពនេះបានរួមចំណែកថែរក្សាបរិស្ថានគម្របបៃតងនៃឧទ្យានអង្គរផងដែរ។

លោកស្រី ទាង អេង ទៀសីហា បានលើកឡើងអំពីអត្ថប្រយោជន៍នៃដើមឈើ ដែលផ្តល់នូវជីវិតដល់មនុស្ស សត្វ ក្នុងការទប់ស្កាត់នូវគ្រោះមហន្តរាយគ្រោះធម្មជាតិ ព្រមទាំងផ្តល់នូវបរិស្ថានបរិសុទ្ធក្នុងការរស់នៅ របស់មនុស្សលោក។

លោកស្រី ក៏បានអំពាវនាវជនរូបជាតិគ្រប់រូប ត្រូវរួបរួមគ្នាដើមី្បធ្វើការដាំដុះដើមឈើឡើងវិញ ដើមី្បបង្កើននូវសោភណ្ឌភាព បរិស្ថាន ក៏ដូចជាការទ្រទ្រង់វិស័យទេសចរណ៍ ជាការទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនា ខេត្តនេះកាន់ច្រើនថែមទៀត។ ម៉្យាងទៀតនៅទូទាំងប្រទេស ក៏ដូចបណ្តាប្រទេសមួយចំនួន នៅមិនទាន់មាននូវឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដូចនៅខេត្តសៀមរាបនោះឡើយ។ ដូច្នេះអ្នកដែលប្រព្រឹត្តនូវការកាប់ បំផ្លិចបំផ្លាញព្រៃធម្មជាតិ ក៏ត្រូវបញ្ឈប់ទង្វើរបស់ខ្លួន មកចូលរួមការដាំដើមឈើស្តារឡើងវិញ ដើមី្បរក្សាទុកនូវមរតកធម្មជាតិ សម្រាប់អ្នកជំនាន់ក្រោយផងដែរ។

លោកស្រី ទាង អេង ទៀសីហា បានបន្តទៀតថា ព្រៃឈើ គឺជាទ្រព្យសម្បត្តិធម្មជាតិដ៏មានតម្លៃរួមរបស់ពិភពលោក មានព្រៃឈើ ពិភពលោកមានសម្រស់ មានជីវិតមនុស្ស សត្វ មានខ្យល់បរិសុទ្ធ មានទឹក រក្សាបានលំនឹង នៃការបម្រែបម្រួលអាកាសធាតុ មានធនធាន និងមានអ្វីៗជាច្រើនទៀត ដែលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ ព្រៃឈើតែងរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ ហើយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុតពីបញ្ហានៃការបំផ្លាញនេះ ព្រមទាំងអំពាវនាវគ្រប់ស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋទាំងអស់ចូលរួមការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ ហើយបានដាក់ចេញផងដែរនូវផែនការ ទេសចរណ៍ម្នាក់ ដើមឈើមួយដើម គឺដើម្បីស្ដារឡើងវិញនូវធនធានព្រៃឈើដែលបានបាត់បង់។ ដូច្នេះយើងទាំងអស់គ្នា ត្រូវបន្តថែរក្សាព្រៃឈើដែលមានស្រាប់ និងពុះពារដាំបន្តជាប្រចាំ ដើម្បីការពារបរិស្ថានធម្មជាតិ ដើម្បីកូនចៅ ប្រទេសជាតិ និងពិភពលោកយើង ឲ្យនៅគង់វង្សជានិច្ចនិរន្តរ៍តទៅរៀង។

សូមបញ្ជាក់ថា ឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដែលស្ថិតនៅតាមផ្លូវទៅប្រាសាទអង្គរវត្ត ត្រូវបានដាំដុះឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ក្រោមអធិបតីភាពខ្ពង់ខ្ពស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ មកដល់ពេលនេះមានអាយុកាល ២៤ឆ្នាំហើយ ត្រូវបានដាំលើផ្ទៃដីទំហំជិត ៥ហិកតា និងមានដើមឈើប្រមាណ ២៤៦០ដើមផងដែរ៕