រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើលិខិតកោះអញ្ជើញព្រះរាជអាជ្ញា និងប្រធានតុលាការសាលាដំបូងទូទាំងប្រទេស ក្នុងការជួបប្រជុំគ្នាមួយនៅថ្ងៃសុក្រទី១៨ មីនានេះ ។ ការកោះអញ្ជើញនេះ គឺស្ថិតក្រោយប្រសាសន៍សម្តែងការខកចិត្តរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានឃើញចំណាត់ការរបស់តុលាការខេត្តកំពង់ស្ពឺ ចាប់ខ្លួនតំណាងប្រជាជន ២នាក់ ឃុំខ្លួនដោយសារតែករណីជម្លោះដីធ្លី ។
យោងតាមលិខិត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា កិច្ចប្រជុំដែលនឹងធ្វើនៅរសៀលថ្ងៃទី១៨ មីនា គឺពាក់ព័ន្ធនឹងគោលការណ៍នៃការឃុំខ្លួនបណ្តោះអាសន្ន ក្នុងសំណុំរឿងទំនាស់ដីធ្លី ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើអោយប្រធានតុលាការសាលាដំបូងគ្រប់ខេត្ត និងរាជធានី និងព្រះរាជអាជ្ញាផងដែរ ធ្វើការប្រមូលទិន្និយ និងរាយការណ៍ជូនអង្គប្រជុំ អំពីទិន្ន័យស្តីពីការឃុំខ្លួនបណ្តោះអាសន្ន ក្នុងសំណុំរឿងទំនាស់ដីធ្លី ។
គួររំលឹកថា សម្តេចតេជោសែន ក្នុងព្រឹត្តិការណ៍មួយ ក្នុងសប្តាហ៍នេះ ដែលមានការឃាត់ខ្លួនអ្នកតំណាង ប្រជាពលរដ្ឋ ២នាក់ ក្នុងទំនាស់ដីធ្លីមួយ ដោយតុលាការខេត្តកំពង់ស្ពឺ សម្តេចបានមានប្រសាសន៍តាមហ្វេសប៊ុក សម្តែងការខកចិត្ត… និងបានបញ្ជាអោយអភិបាលខេត្តកំពង់ស្ពឺ ធ្វើកិច្ចការនេះជាមួយតុលាការ និងបញ្ជូនកូនប្រុស ២នាក់ របស់សម្តេច ចុះទៅកាន់ខេត្តទាំងយប់ ដើម្បីរកការធានាប្រជាពលរដ្ឋទាំង ២នាក់ ឱ្យបានស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ។