ស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ Phnom Penh International Airport បានសម្ពោធម្សិលម៉ិញនេះ ក្រោមក្តីសង្ឃឹមថា ស្ថានីយបន្ថែមថ្មីនេះ នឹងជួយបង្កើនសមត្ថភាពទ្វេដង សំរាប់ត្រៀមទទួលភ្ញៀវទេសចរណ៍ ៥លាននាក់ ក្នុង ១ឆ្នាំៗ ។ ពិធីសម្ពោធស្ថានីយ៍ថ្មីព្រលានយន្តហោះ បានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍កើនឡើងរហូតដល់ ៤.៧០០.០០០នាក់ ហើយ ទាំងនេះ ដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ និងក្រោម គោលនយោបាយឈ្នះឈ្នះ ជាពិសេស កម្ពុជាមានតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញជាច្រើន ។
សម្តេចតេជោសែន បានមានប្រសាសន៍រំលឹកផងដែរ ពីប្រវត្តិនៃការកកើតនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺត្រូវផ្តើមឡើងពីចំណុចសូន្យ ពីព្រោះតំបន់នេះពីអតីតកាល មិនមានការអភិវឌ្ឍន៍អ្វីនោះទេ ហើយក៏មិនមានប្រជាពលរដ្ឋរស់នៅដែរ ។ ប៉ុន្តែពេលនេះ ព្រលានយន្តហោះកម្ពុជា បានប្រែប្រួលជាខ្លាំង ដោយមានយន្តហោះធំៗចុះឡើងដឹកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងកុះករ ។ សម្តេចបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ភាពរីកចំរើននេះ នៅតែមានមនុស្សមួយក្រុម នៅតែបន្តការនិយាយអាក្រក់អំពីកម្ពុជា តាមរយៈការឃោសនា និងការផ្សព្វផ្សាយលើសារព័ត៌មានថែមទៀត ដែលខុសពីការពិតជាក់ស្តែង ។ សម្តេចបានមានប្រសាសន៍ថា កម្ពុជាមាន២ គឺកម្ពុជាការពិតដែលគេបានឃើញតាមរយៈការរីកចំរើននាពេលនេះ និងកម្ពុជាដែលមានការនិយាយអាក្រក់តាមការឃោសនា និងថែមទាំងផ្សាយអាក្រក់អំពីកម្ពុជា ក្នុងបំណងបន្លាចបរទេសមិនឱ្យគាំទ្រកម្ពុជា ។
កម្ពុជាទើបសម័យនេះទេ ដែលមានសន្តិភាព និងអស់សង្គ្រាមស៊ីវិលពិតប្រាកដ… មានសំណង់អគារខ្ពស់ស្កឹមស្កៃកប់ពពក… មានស្ពានអាកាស… ស្ពានឆ្លងកាត់សមុទ្ទ… មានសំណង់ស្ពានជាច្រើនដែលឆ្លងកាត់ទន្លេមេគង្គ… ឆ្លងទន្លេសាប… ឆ្លងស្ទឹងបឹងបួរ… មានផ្លូវចាក់ក្រាលកៅស៊ូជាច្រើន ភ្ជាប់បណ្តាញទៅតាមគ្រប់ខេត្តនានា និងមានការពង្រីកអគ្គីសនី បានច្រើនចូលទៅដល់ជនបទថែមទៀតនោះ ។