គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពាវនាវដល់កីឡាករ កីឡាការិនី និងអ្នកហាត់កីឡា ដែលមានបញ្ហាសុខភាព និងរបួស ឲ្យទៅពិនិត្យ-ព្យាបាល នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដោយឥតគិតថ្លៃ


គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវដល់បងប្អូនកីឡាករ កីឡាករិនី ឬអ្នកហាត់លេងកីឡាទាំងអស់ ដែលធ្វើកសកម្មភាពអប់រំកាយ និងកីឡាគ្រប់ប្រភេទ ដែលមានបញ្ហាសុខភាព ក៏ដូចជាគ្រោះថ្នាក់ និងរងរបួសផ្សេងៗ សូមអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដោយឥតគិតថ្លៃ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមីនានេះ។

មន្ទីរពេទ្យជាតិ តេជោសន្តិភាព មានទីតាំងស្ថិតនៅភូមិបឹងតាមោក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យក្រសួងសុខាភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស និងមានបញ្ហាសុខភាព ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។

ភ្លាមៗក្រោយទទួលបានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះចាត់ចែងរៀបចំក្រុមគ្រូរពេទ្យ ដើម្បីត្រៀមជាស្រេចក្នុងពិនិត្យ និងព្យាបាលដល់បងប្អូនកីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោ សន្តិភាព៕