មេទ័ពជើងអាកាសកម្ពុជា បង្ហាញអត្ថន័យពីសន្តិភាពដល់កងទ័ព និងត្រូវឆាំងដាច់ខាតបុគ្គលដែលចង់ផ្តួលរលំរដ្ឋាភិបាលស្របច្បាប់


នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានបង្ហាញពីអត្ថន័យ និងសារៈសំខាន់ពីតម្លៃនៃសុខសន្តិភាព សន្តិភាពជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចនេះត្រូវចូលរួមការពារ និងប្រឆាំងដាច់ខាតចំពោះសកម្មភាពណាមួយដែលមានបំណងចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

នាយឧត្តមសេនីយ៍ សឹង សំណាង បានក្រើនរំលឹកបែបនេះបានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ០៨ មីនា នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំលើកឡើងនៅពេលនេះ ដើម្បីរំឮកដល់អស់លោកទាំងអស់ គឺយើងត្រូវតែស្រឡាញ់ ហើយការពារដាច់ខាតចំពោះសុខសន្តិភាព ដែលយើងរកបានមកដោយលំបាកបំផុត កុំតែប្រមុខរាជរដ្ឋាភិបាលយើង សម្តេចតេជោ ហ៊ុុន សែន ដែលជាស្ថាបនិកមគ្គទេសក៍ឯក លោកមានភាពវាងវៃ ក្នុងការស្វះស្វែងរកសន្តិភាព ដែលធ្វើឱ្យយើងមានសំណាងទទួលបានសុខសន្តិភាព ដែលមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង»

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា កងទ័ពទាំងអស់ ត្រូវយកចិត្តទុកដាក់ និងប្រឆាំងដាច់ខាតចំពោះក្រុមដែលចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

នាយឧត្តមសេនីយ៍ សឹង​ សំណាង បានលើកឡើងថា កាលណាប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម នោះនឹងបាត់បង់សន្តិភាព នឹងធ្វើឱ្យប្រជាពលរដ្ឋរស់នៅយ៉ាងវេទនា។ ជាក់ស្តែង បច្ចុប្បន្ននេះ ប្រទេសមួយចំនួន កំពុងជួបប្រទះនឹងភ្លើងសង្គ្រាម បានបង្កវិនាសសកម្មយ៉ាងធំធេង ជាពិសេសធ្វើឱ្យប្រជាជនជួបភាពវេទនាគ្រប់បែបយ៉ាងដោយសារតែភ្លើងសង្គ្រាម។

ត្រង់ចំណុចនេះ មេបញ្ជាការកងទ័ពជើងអាកាស បានថ្លែងថា ទាល់តែប្រទេសជាតិ មានសន្តិភាពពេញលេញ ទើបមានអ្នកវិនិយោគិនចូលមកបណ្តាក់ទុន ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

ជាមួយគ្នានេះដែរ តំណាងយោធិននារីនៃបញ្ជាការដ្ឋានកងទ័ពអាកាស បានប្តេជ្ញាចិត្តប្តូរផ្តាច់ ការពារជាតិជាដាច់ខាតដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយមិនឱ្យជនណា ឬក្រុមណាមួយមកបំផ្លាញសុខសន្តិភាពរបស់កម្ពុជា ជាដាច់ខាតទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ៕