សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវខ្មែរនៅក្រៅប្រទេស ឲ្យមកលេងស្រុកកំណើត


ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស សូមមកលេងស្រុកកំណើត ពិសេសក្នុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឬអំឡុងពេលព្រឹត្តិការណ៍កីឡាស៉ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត២ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន នៅតែអះអាងថា គ្មានការចាប់ខ្លួនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលមកលេងស្រុកកំណើតនោះទេ សូម្បីតែអ្នកដែលធ្លាប់ជេរប្រមាថមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំនេះ ជាឆ្នាំដែលសប្បាយរីករាយ ទី១៖ អង្គរសង្ក្រាន្ដ ទី២៖ ស៉ីហ្គេម អញ្ចឹងទេបានជាខ្ញុំនៅតែបន្ដអញ្ជើញខ្មែរនៅក្រៅប្រទេស ឲ្យមកលេងស្រុក។ ចូលឆ្នាំខ្មែរក្ដី ឬមកមើលស៉ីហ្គេម នៅស្រុកយើងក្ដី សូមអញ្ជើញ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្លាប់បានអះអាងថា សម្ដេចមិនយកទោសអូសដំណើរដល់ប្រជាពលរដ្ឋ ពិសេសអ្នកនៅក្រៅប្រទេស ដែលធ្លាប់ជេរប្រមាថសម្ដេច ឬថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយសារពួកគេជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិ៣ជំនាន់។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល គូសបញ្ជាក់ថា អ្នកដែលសម្ដេចមិនអាចអត់ឱនឲ្យបាននោះ គឺជនក្បត់ជាតិ៣ជំនាន់ ក្រៅពីនេះបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អាចមកលេងស្រុកកំណើតរបស់ខ្លួន ចង់មកមើលពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា គឺអាចមកបានគ្រប់ពេលវេលា គ្មានការចាប់ខ្លួនអ្វីនោះឡើយ៕