ប្រធានគណៈកម្មការទី៤ រដ្ឋសភា ​វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារបណ្តុះបណ្តាលនាយទាហាន នៅសាកលវិទ្យាល័យការពារជាតិ​


ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងបានការឯកភាពពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ បានដឹកនាំក្រុមការងារចំនួន២០រូប បានអញ្ជើញជួបប្រាស្រ័យការងារ ស្វែងយល់អំពីវឌ្ឍនភាពការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ ដោយបានទទួលស្វាគមន៍ពីសំណាក់យោធាចារ្យ បុគ្គលិកសិក្សា និស្សិតនិងសិក្ខាកាម នៅសាកលវិទ្យាល័យការពារជាតិ។

នាឱកាសនោះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងដោយបានការដឹកនាំណែនាំផ្ទាល់ពីសម្តេចពិជ័យសេនា ទៀ បាញ់ សន្តិភាពបានបង្កើត ជាឱកាសមាស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា លើគ្រប់វិស័យ ក្នុងនោះការបណ្តុះបណ្តាលនាយទាហាន នៃកងយោធពលខេមរភូមិន្ទ វ័យក្មេងជាប្រភពបន្តវេន មានការរីកចម្រើន ធំធាត់ជាលំដាប់ ជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល អនុវត្តដោយជោគជ័យភារកិច្ច ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

នាយឧត្តមសេនីយ៍ បានបន្តថា កងយោធពលខេមរភូមិន្ទ មានភ័ព្វវាសនា ដោយមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានឆ្លងកាត់សមរភូមិប្រយុទ្ធជាច្រើនរាប់មិនអស់ បន្សល់ទុកនូវមេរៀនប្រវត្តិសាស្ត្រ នៃការដឹកនាំបញ្ជាប្រយុទ្ធ ដូចជាបទពិសោធន៍ជោគជ័យនៅតំបន់ ប្រាសាទព្រះវិហារ សមរភូមិប្រាសាទ តាមាន់តាក្របី ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃមាតុភូមិ។

នាយឧត្តមសេនីយ៍ ជា តារា បានគូសបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា សូមចូលរួមអបអរសាទរជាមួយជោគជ័យរបស់រដ្ឋសភាជាតិ នីតិកាលទី៦ ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានបំពេញកិច្ចការជាច្រើន ដើម្បីបុព្វហេតុសុខសន្តិភាព ការអភិវឌ្ឍន៍ និងការរស់នៅសុខដុមរម្យនារបស់ប្រជាជនយើង»

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានលើកឡើងថា សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសឹក្សាតែមួយគត់ដែលបាននិងកំពុងអនុវត្តកំណែទម្រង់ការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ននាយទាហានក្នុងវិស័យ ការពារជាតិ ផ្តោតជាសំខាន់លើវិទ្យាសាស្ត្រយោធា ទាំងយុទ្ធនាការ យុទ្ធសាស្ត្រ និងយុទ្ធវិធីដែលមានអត្ថន័យសំខាន់បន្ថែមលើវិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសា។

នាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់ថា «វិទ្យាសាស្ត្រយោធា គឺសិក្សាអំពី៖ កិច្ចការប្រុងប្រៀបកងកម្លាំងប្រដាប់អាវុធ, ការកសាងខឿនការពារជាតិ, ការប្រុងប្រៀបប្រទេសជាតិធ្វើសង្គ្រាម, ទម្រង់នៃរបៀបធ្វើសឹកសង្គ្រាម, វិទ្យាសាស្រ្តអំពីសឹកសង្គ្រាម ដែលស្រាវជ្រាវពីចរិកលក្ខណៈរាល់ក្រឹត្យក្រមនៃសង្គ្រាម និងបណ្តាសកម្មភាពយោធាផ្សេងៗទៀតរបស់កងកម្លាំងប្រដាប់អាវុធជាប្រពៃណី និងមិនប្រពៃណី។ ខ្លឹមសារត្រូវបានបញ្ចូលទៅគ្រប់វគ្គសិក្សា ទៅតាមកម្រឹតនៃវគ្គសិក្សានៃមហាវិទ្យាល័យនិងមជ្ឈមណ្ឌលនីមួយៗ ដែលជាការគ្រប់គ្រងដឹកនាំបញ្ជារបស់មេបញ្ជាការ សេនាធិការ ចាប់ពីថ្នាក់កងវរសេនាតូច កងពលតូច និងកងពលធំ»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន» ដូច្នេះកងទ័ពត្រូវ តែមានសមត្ថភាព ត្រូវតែហ្វឹកហ្វឺន និងបណ្តុះបណ្តាលក្នុងឱកាសមាសនៃសន្តិភាពកំពុងមាន។ ការបណ្តុះបណ្តាលទាមទារ ឱ្យមានយោធាចារ្យឈ្លាសវៃ មានសមត្ថភាពខ្ពស់ធ្វើបច្ចុប្បន្នភាពឱ្យបានទាំងកត្តាមនុស្ស ទាំងខ្លឹមសារឯកសារយកមកបណ្តុះបណ្តាល និងហ្វឹកហ្វឺន។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ជា តារា បានជម្រាបជូនគណៈប្រតិភូថា មុនថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ រូបលោកជាអគ្គមេបញ្ជាការរង ប្រធានគណៈបញ្ជាការឯកភាពសមរភូមិ មុខទិសយោធភូមិភាគទី៤ សំខាន់ទិសប្រាសាទ ព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី។ ក្នុងតួនាទីជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ គឺបានប្រកាន់ខ្ជាប់ខ្ជួននូវកត្តា សាមគ្គីភាពឯកភាពផ្ទៃក្នុង ជាកត្តាអាទិភាព ដែលបានស្តែងឡើងនូវសមិទ្ធផលចំពោះមុខ។

នាយឧត្តមសេនីយ៍ ជា តារា បានគូសបញ្ជាក់ថា លោកបានសម្រេចដាក់ចេញអនុវត្តឱ្យបានគោលដៅសំខាន់២ របស់សាកលវិទ្យាល័យការពារជាតិគឺទី១៖ ស.ក.ជ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ និងទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិស គោលជំហរទស្សនៈនយោបាយការពារជាតិ ចំទិសស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន»។ បណ្តុះបណ្តាលឲ្យក្លាយជាកងទ័ពម្នាក់ មានសមត្ថភាពដឹកនាំបំពេញភារកិច្ចការពារជាតិ មាតុភូមិ ចូលរួមថែរក្សាសន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត, បណ្តុះបណ្តាលឱ្យក្លាយជាកម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ គោរពជឿ ជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន។

ដោយការប្តេជ្ញាចិត្តនេះហើយដែលសម្រេចបានលទ្ធផលកំណែទម្រង់ លើការងារគ្រប់គ្រង ដឹកនាំបញ្ជា លើកកម្រិតបណ្តុះបណ្តាលបុគ្គលិកយោធាចារ្យ និស្សិតនិងសិក្ខាកាម សម្រេចបានប្រកបដោយ ប្រសិទ្ធិភាព និងសក្តិសិទ្ធភាព ជាក់ស្តែងឆ្នាំសិក្សានីមួយៗ បានដំណើរការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន និស្សិត និងសិក្ខាកាមចូលរៀនជាង ១,៥០០នាក់ ក្នុងមួយឆ្នាំៗ។ ប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ សាកលវិទ្យាល័យការពារជាតិ នៅតែបន្តដំណើរការសិក្សាតាមផែន ការ ដោយរឹតបន្តឹងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ដាច់ខាត តាមគោលការណ៍បទបញ្ជារបស់សម្តេចតេជោ។

ក្នុងរយៈពេល៥ឆ្នាំនេះ (២០១៨-២០២៣) សាកលវិទ្យាល័យការពារជាតិ បាននិងកំពុងដំណើរការកែ ទម្រង់ស៊ីជម្រៅទៅលើ៣ ចំណុចសំខាន់គឺ ធ្វើបច្ចុប្បន្នភាពខ្លឹមសារឯកសារបណ្តុះបណ្តាលហ្វឹកហ្វឹននិងបំប៉ន ។ ពង្រឹងអនុវត្តវិន័យ និងកិច្ចការយោធាចារ្យ ព្រមទាំងការងារកសាងអង្គភាព។

ទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន ផ្តល់ការសាងសង់បន្ថែម អគារខ្នាតធំ៤ខ្នង៖ អគារស្នាក់នៅ ២ខ្នង កម្ពស់៥ជាន់, អគារសាលសហសិក្សាចំណុះ ៣,៥០០នាក់ មួយខ្នង អគារបដិសណ្ឋារៈថ្នាក់ដឹកនាំ និងបណ្ណាល័យ១ខ្នង ជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងអគារសិក្សា២ខ្នងទៀត (កំពុងដំណើរការសាងសង់)។ បានចូលរួមក្នុងក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាបចូលរួម អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ ចតុកោណរបសរាជរដ្ឋាភិបាល។

ឯកឧត្តម កែប ជុតិមា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងថ្លែងការកោតសរសើរចំពោះវឌ្ឍនភាពការងារ ដែលសាកលវិទ្យាល័យការពារជាតិ សម្រេចបានក្នុង យុគសម័យតេជោសន្តិភាព ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិប្រកបដោយគុណភាព កសាងនាយទាហានវ័យក្មេងជាប្រភពបន្តវេនទៅអនាគត សំដៅអនុវត្តភារកិច្ចការពារជាតិ ការពារបូរណភាពដែនដី នៃមាតុភូមិ ពិសេសការពារសន្តិភាពដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

នាឱកាសនោះដែរ ឯកឧត្តម កែប ជុតិមា ​​ក៏បានពន្យល់អំពីតួនាទីរដ្ឋសភា និងគណៈកម្មការនានា​នៃរដ្ឋសភា។ ប្រធានគណៈកម្មការទី៤ និងប្រតិភូ ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ បានផ្លាស់ប្តូរយោបល់មួយចំនួន ពាក់ព័ន្ធដល់ការលើកកំពស់វឌ្ឍនភាពការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ននៅសាកលវិទ្យាល័យការពារជាតិ។ ក្នុងឱកាសនោះផងដែរ ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា និងប្រតិភូបានដាំដើមនាងនួន ជាអនុស្សាវរីយ៍ ជានិមិត្តរូប នៅសាកលវិទ្យាល័យការពារជាតិផងដែរ៕