ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បើកសន្និបាតសុខាភិបាលលើកទី៤២ បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ និងទិសដៅបន្ត


ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបើកសន្និបាតសុខាភិបាល លើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» ដែលប្រពឹត្ដទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា នេះជាមោទនភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យប្រារព្ធពិធីបើកសន្និបាត សុខាភិបាលនៅថ្ងៃនេះ។ ពិសេសមានមោទនភាពដ៏អស្ចារ្យ ក្នុងការបម្រើសុខភាព ជូនប្រជាពលរដ្ឋរបស់យើង ប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «រយៈពេល៥ឆ្នាំនេះ សមិទ្ធផលជាច្រើនដែលយើងទទួលបាន។ ប៉ុន្ដែយើងនៅតែមានបញ្ហាដែលត្រូវខិតខំប្រឹងប្រែងបន្ដទៀត សំខាន់គឺការពង្រឹងនូវប្រព័ន្ធសុខាភិបាល សេវាសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស មន្ទីរពិសោធន៍ និងការពង្រឹងនូវអភិបាលកិច្ចល្អ»។ លើសពីនោះគឺការបន្ដប្រយុទ្ធនឹងជំងឺរុំារៃ និងជំងឺឆ្លងផ្សេងៗរួមទាំងជំងឺកូវីដ១៩»

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេលកន្លងមកនេះ យ៉ាងយកចិត្តទុកដាក់តាមតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានសមិទ្ធផលដ៏គួរជាទីមោទនៈ។

ក្នុងរយៈពេល២ថ្ងៃ នៃអង្គសន្និបាតសុខាភិបាលលើកទី៤២នេះ ក៏មានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដើម្បីដកស្រង់យកបទពិសោធន៍ល្អៗ និងពិនិត្យផងដែរនូវបញ្ហាប្រឈមដែលត្រូវជម្នះ ដោះស្រាយដោយមិន អល់ឯក ឬរង់ចាំ ដើម្បីយកទៅអនុវត្តបន្តនៅតាមអង្គភាព មូលដ្ឋានរបស់ខ្លួនឲ្យបានជោគជ័យ និងប្រសិទ្ធភាពបន្ថែមទៀត។

ជាពិសេសទៅទៀតនោះ អង្គសន្និបាតទាំងមូលនឹងបានត្រងត្រាប់ស្តាប់ និងទទួលយកនូវអនុសាសន៍ដ៏មានសារសំខាន់របស់ សមេ្តចតេជោនាយករដ្ឋមន្ដ្រីកម្ពុជា ដែលនឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់នៅពេលបិទសន្និបាតនាថ្ងៃស្អែកនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង៕