មន្ត្រីជាអ្នកនាំពាក្យមកពី៤ខេត្តជិត១០០នាក់ ចូលរួមសិក្ខាសាលាស្តីពី «ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន» នៅខេត្តរតនគិរី


មន្ត្រីជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តមកពី៤ខេត្ត រួមមាន៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ជិត១០០នាក់ ចូលរួមសិក្ខា សាលាស្តីពី «ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន»

សិក្ខាសាលានេះ ត្រូវបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពរតនៈ ក្រុងបានលុង ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

នាឱកាសនេះឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈប្តេជ្ញាយ៉ាងមុះមុត ចូលរួមចំណែកលើអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល ក្រោមមគ្គុទេសភាពដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមចាត់ទុកថា សិក្ខាសាលាស្ដីពី «ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន» ដែលនឹងប្រព្រឹត្តទៅ រយៈពេល ២ថ្ងៃនេះគឺមានគោលការណ៍ ក្នុងកិច្ចពង្រឹង និងរំលេចការយល់ដឹងដល់ប្រជាពលរដ្ឋ នូវរាល់ អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្តមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិផងដែរ។

ឯកឧត្តមបានបន្តថា ជាមួយនឹងស្មារតី នៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឱ្យចូលកៀកប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និងរំលេចនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរវិស័យ ជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវលំហនៃតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា សិក្ខាសាលា នឹងទទួលបានជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ ដើម្បីចូលរួមសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សា ការពារ សុចរិត នៃផលប្រយោជន៍រួមរបស់ជាតិក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុត របស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋរបស់យើង៕