រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣


នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

ក្នុងពិធីបើកសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំង សមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។

សូមជម្រាបថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ហើយនឹងរៀបចំពិធីបិទក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

នៅក្នុងអង្គសន្និបាតនេះ ក៏មានការធ្វើបទបង្ហាញ បទអន្តរាគមន៍ពីបណ្តាមន្ទីរ អង្គភាពក្នុងខេត្ត ដែលផ្តោតសំខាន់លើការងារអនុវត្តកន្លងមក ការផ្តល់សេវាជូនប្រជាពលរដ្ឋ បញ្ហាប្រឈមនានា និងដំណោះស្រាយ ព្រមការងារដែលត្រូវអនុវត្តបន្តផងដែរ៕