ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តកំពង់ធំ អញ្ជើញសម្ពោធស្នាក់ការគណបក្សឃុំសំព្រោជ ស្រុកស្ទោង


លោកបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រែយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ធំ និងសហការី បានអញ្ជើញសម្ពោធកាត់ខ្សែបូរដាក់ឲ្យ ប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកបានបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សនៅក្នុងឃុំសំព្រោជ ដែលអាចកើតឡើងបានដោយសារ ប្រទេសជាតិយើងមានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបាន និងមានការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបានលើកឡើងថា «ក្នុងនាមយើងជាពលរដ្ឋខ្មែរ ដែលធ្លាប់មានប្រវត្តិជាអារ្យប្រទេសគឺត្រូវតែមានការដឹងគុណ តបស្នងសងគុណ ចំពោះបុព្វការរីជន ឬអ្នកដែលបានជួយរំដោះយើងរស់រានមានជីវិត រស់នៅក្នុងសុខសន្តិភាព សម្បូរសប្បាយ មានវិបុលភាព ដែលជាអារ្យធម៌ដ៏ប្រសើរបំផុត សម្រាប់មនុស្សជាតិថ្លៃថ្នូរ»។

លើសពីនេះលោក ក៏បានណែនាំដល់គណបក្ស​ប្រជាជនកម្ពុជាគ្រប់មូលដ្ឋាន ត្រូវពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន កសាងសមាជិក សមាជិការធនធានមនុស្ស របស់គណបក្ស ជាពិសេសចលនាយុវជនបន្តវេនប្រកប សីលធម៌ ចរិយាធម៌ និងមានសក្តានុពល ថែមទាំងកៀរគរឲ្យមានការចូលរួមពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈផងដែរ។

ជាចុងបញ្ចប់លោកបណ្ឌិត ជា ចាន់ តូ បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមរក្សាសុខសន្តិភាពគ្រប់មធ្យោបាយឲ្យបានស្ថិតស្ថេរកំកល់ជាអាទិភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ជាមន្ត្រីឈានមុខ មន្ត្រីល្អបន្តវេន គុណធម៌ និងចរិយាធម៌មិនត្រូវបំពានផលប្រយោជន៍អ្នកដទៃ ដើម្បីផលប្រយោជន៍របស់ខ្លួនឡើយ ជាពិសេសដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នាតជាសកលក្នុងខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។

អគារស្នាក់ការគណបក្ស ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ ធ្វើអំពីថ្ម ប្រក់ក្បឿង និងមានទំហំ១០ម៉ែត្រ×១២ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់បណ្ឌិតជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ផ្ទាល់៕