ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី សន្យាបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ឲ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត


លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ដែលទើបចូលកាន់តំណែងថ្មី បានអះអាងចំពោះមុខ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា លោកនឹងបន្តពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ឲ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

ការអះអាងនេះធ្វើឡើងក្នុងឱកាសលោកចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្រ្តាលី ជាមួយឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Justin Kevin Whyatt ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី ប្រចាំនៅប្រទេសកម្ពុជា។

នៅក្នុងជំនួបនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញពីសមិទ្ធិផលនានាដែលសម្រេចបាន កើតចេញពីចំណងមិត្តភាព នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក។ លោកថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនេះ បានផ្តល់ផ្លែផ្កាគួរជាទីពេញចិត្តទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ, កិច្ចសហប្រតិបត្តិការតាមវិស័យរវាងរដ្ឋ និងរដ្ឋ និងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។

ជាក់ស្តែងមានកម្មវិធី និងគម្រោងជាច្រើនដែលបាន និងកំពុងអនុវត្តក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្រ្តាលីដូចជាៈ កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC), កម្មវិធីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ (3i), កម្មវិធីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I), កម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី (MAP), និងកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។

ចុងក្រោយនេះ គឺកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED) ដែលមានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧ លាន ដុល្លារអូស្រ្តាលី (ត្រូវនឹងប្រមាណ ៦៥ លានដុល្លារអាមេរិក)។ ទន្ទឹមនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងជាលំដាប់ពីចំនួន ២០៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដល់៥២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។

ជាមួយគ្នានេះដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានបន្តផ្តល់ ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអូស្រ្តាលី មានក្តីសោមនស្សរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ជាពិសេសលោកបានមើលឃើញជាក់ស្តែង អំពីការអភិវឌ្ឍលើគ្រប់វិស័យ, ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច, ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការអនុវត្តកម្មវិធីគាំពារសង្គម ប្រកបដោយជោគជ័យ ទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ និងផលវិបាកនៃសង្គ្រាមរវាងប្រទេសរុស្សី និងអ៊ុយក្រែន។

ជាមួយគ្នានេះ កម្មវិធី CAP RED ដែលត្រូវបានសម្ពោធដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត Justin Kevin Whyatt ដែលបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រពៃរវាងប្រទេសទាំងពីរកម្ពុជា-អូស្រ្តាលី៕