គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ផ្តាំសមាជិកចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ឲ្យជាប់ជាប្រចាំ


ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ជាមួយសមាជិសមាជិកាគណៈកម្មាធិការបក្សទូទាំងខេត្តក្រចេះ នៅសាលាមហោស្រព្វខេត្តក្រចេះ ។

ឯកឧត្តម វ៉ា ថន បានបញ្ជាក់ និងក្រើនរំលឹកដល់ សមាជិសមាជិការគណបក្សទាំងអស់ថា នៅសល់តែប៉ុន្មានសប្តាហ៍ទៀតទេ នឹងកៀកដល់ថ្ងៃនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដើម្បីបន្តដឹកនាំកម្ពុជាឲ្យឆ្ពោះទៅការកសាង និង អភិវឌ្ឍន៍ប្រទេស ឲ្យមានកំណើនសេដ្ឋកិច្ច ។ ដូច្នេះក្នុងនាមជាសមាជិកសមាជិការ របស់គណបក្សកាន់អំណាច់ដឹកនាំរាជរដ្ឋាភិបាល ត្រូវរួមគ្នាបន្តពង្រឹងការងារចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ជាពិសេសតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋខ្វះខាតទីទាល់ក្រ ដើម្បីស្វែងយល់ពីសុខទុក្ខជីវភាពប្រឈមប្រចាំថ្ងៃ និងដើម្បីដោះស្រាយបញ្ហាជូន ដោយមិនប្រកាន់និន្នាការនោះឡើយ។

ឯកឧត្តមបន្តថា ក្រុមចុះមូលដ្ឋានត្រូវរួមសហការគ្នា ជៀសវាងការស្តីបន្ទោសនិងមើលបំណាំគ្នា ត្រូវក្តាប់និងគ្រប់គ្រងសភាពការណ៍សតិអារម្មណ៍ប្រជាពលរដ្ឋឲ្យបានជាប់ និងរកវិធីដោះស្រាយជូន ដើម្បីឆ្លើយតបការជឿរជាក់ទំនុកចិត្តមកលើគណបក្ស និងដើម្បីភាពស្ងប់ចិត្តក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួយគាត់ ត្រូវពិនិត្យនិងក្តាប់ចំនួនសមាជិករបស់ខ្លួនឲ្យបានច្បាស់ និងពង្រីកកម្លាំងសមាជិកបន្ថែម៕