ឯកឧត្តមបណ្ឌិត​ លី​ សាម៉េត ជួបសំណេះសំណាលជាមួយសមាជិកគណបក្សនានា ចំនួន៤៥០នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ


នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនានាចំនួន៤៥០នាក់ មកពីស្រុកចំនួន៨ នៃខេត្តតាកែវ ដែលស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងនោះក៏មានការចូលរួមពី ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី,លោកឧកញ៉ា សោម សុខរ៉ាឌី, សាស្រ្តាចារ្យបណ្ឌិត ឡាច សំរោង សកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) លោក​ មួង​ ឃីម រួមជាមួយក្រុមការងារជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា បានថ្លែងស្វាគមន៍ក្នុងអង្គពិធី និងបង្ហាញពីសេចក្តីសោមនស្សរីករាយទទួលស្វាគមន៍ ចំពោះបងប្អូនដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយសូមឲ្យបងប្អូនបន្តចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន។

ឯកឧត្តម ដួង តារា ក៏បានសំណេះសំណាលក្នុងអង្គពិធី និងបានបង្ហាញអារម្មណ៍ប្រកបដោយភាពកក់ក្តៅជូនដល់បងប្អូនដែលមកពីគណបក្សប្រឆាំងនានា ដែលសម្រេចចិត្តចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងបានលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ខិតខំបញ្ចេញសមត្ថភាព ភាពស្មោះត្រង់ ចំណេះដឹង និងការលះបង់ ដើម្បីបំពេញការងារស្របតាមតួនាទី ព្រោះនេះជាឱកាសមាសសម្រាប់បងប្អូន។ មានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខទេដែលមានសមត្ថភាពក្នុងការដឹកនាំពិតប្រាកដ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បានស្វាគមន៍ និងសំណេះសំណាលសួរសុខទុក្ខដល់សមាជិក នៅក្នុងអង្គពិធីទាំងមូល និងបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោ គឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃបោះឆ្នោតឆ្នាំ២០២៣ នាពេលខាងមុងនេះមុខនេះ មានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ៕