ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ជាង១,០០០នាក់ នៅស្រុកជើងព្រៃ


នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន១,១០១នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ពិធីនេះ ក៏មានការចូលរួមពីប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំទាំង១០ នៃស្រុកជើងព្រៃ និងសមាជិកសមាជិការ បក្សភូមិ ឃុំ ស្រុក ចំនួនសរុប១៥០០នាក់ និងបានឧបត្ថម្ភថវិកាម្នាក់ៗ ចំនួន២០០០០រៀល ព្រមទាំងបានចែកប័ណ្ណសម្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ជូនដល់ពួកគាត់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។

ឯកឧត្តមបន្ដទៀតថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិចាប់តាំងពីថ្ងៃជ័យជម្នះ ៧មករា ដោយកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាលំដាប់ ពិសេសបាននាំយកនូវសន្តិភាពពេញបរិបូរណ៍ តាមរយៈនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស រស់នៅមានភាពសុខសាន្ត និងមានជីវភាពធូរធារ៕