ប្រកាសខេត្តកណ្តាល ជាខេត្ដគ្មានមីន, ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជំរុញឲ្យបន្តសកម្មភាពអប់រំប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធី «អបអរសាទរការប្រកាស ខេត្តកណ្តាលអស់មីន»។

ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន, ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា សមិទ្ធផលសកម្មភាពមីនជាង ៣០ឆ្នាំនៅកម្ពុជា គឺជាកម្លាំងចលករមួយដ៏ចាំបាច់ ដែលបាននាំមកនូវកិច្ចគាំពារ, សុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាជន និងប្រទេសជាតិ។ ការបោសសម្អាតមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារមួយ ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ ដោយប្រែក្លាយដីរងផលប៉ះពាល់ទាំងនោះ ឲ្យក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីសាងសង់លំនៅឋាន ឬធ្វើស្រែចំការ តាមតម្រូវការជាក់ស្តែង ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កម្ពុជាបានប្រែក្លាយពីប្រទេស ដែលរងគ្រោះដោយសារគ្រាប់មីន ទៅជាប្រទេសដែលចែករំលែកបទពិសោធ ក្នុងការបោសសម្អាតមីន លើឆាកអន្តរជាតិ, ជាពិសេស នៅតាមបណ្តាប្រទេសដែលកំពុងជួបប្រឈមនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ខណៈប្រទេសមួយចំនួនកំពុងរងគ្រោះ និង រិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហា នៃការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម, កម្ពុជាបានបោះជំហានទៅមុខគួរឲ្យកត់សម្គាល់ ក្នុងការប្រើប្រាស់វិធីសាស្ត្របោសសម្អាត ប្រកបដោយនវានុវត្តន៍។

ឯកឧត្តមបន្តថា ការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ គួបផ្សំជាមួយការអប់រំណែនាំសំដៅកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន ក៏បានរួមចំណែកធ្វើឲ្យចំនួនគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមធ្លាក់ចុះជាបន្តបន្ទាប់។ ជាក់ស្តែង, ចំនួនជនរងគ្រោះបាន ថយចុះយ៉ាងខ្លាំងពី ៤ ៣២០នាក់ក្នុងឆ្នាំ ១៩៩៦ មកនៅត្រឹម៤១នាក់ ក្នុងឆ្នាំ២០២២។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងទៀតថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២, ប្រតិបតិ្តករជាតិ និងអន្តរជាតិ ដែលរួមមាន កងយោធ-ពលខេមរភូមិន្ទ, មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC), អង្គការហេឡូត្រាស់ (HALO Trust), អង្គការម៉ែក (MAG), អង្គការជំនួយប្រជាពលរដ្ឋន័រវេស (NPA), អង្គការដោះមីនកម្ពុជា (CSHD) និងអង្គការ APOPO, បានបំពេញបេសកកម្មរបស់ខ្លួន តាមគម្រោងអាទិភាពរបស់សហគមន៍ លើផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២ ៥៥៤ គីឡូម៉ែត្រការ៉េ ដោយរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្ស ចំនួន ១ ១៥៣ ២១៧ គ្រាប់, មីនប្រឆាំងរថក្រោះ ចំនួន ២៦ ១៣៥ គ្រាប់ និង សំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០៣៤ ៧២៧គ្រាប់ ហើយបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ប្រមាណជាង ៩លាននាក់។

សម្រាប់ខេត្តកណ្តាល ប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីសរុប ចំនួន ៩ ៧៨០ ២១០ ម៉ែត្រការ៉េ ដោយបានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្ស ចំនួន ២ ៨៧៣ គ្រាប់, មីនប្រឆាំង រថក្រោះ ចំនួន ៤៩ គ្រាប់ និង សំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៩៤ ២៨៩ គ្រាប់ និងមានប្រជាពលរដ្ឋទទួលផលសរុប ចំនួន ១១ ៧៣៣នាក់។

ទោះបីខេត្តកណ្តាលប្រកាសអស់មីនក្តី, ក៏ខេត្តកណ្តាលនៅបន្តមានផ្ទៃដីសង្ស័យ មានសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំប្រមាណ ១៥ ៨០៥ ២៥៣ ម៉ែត្រការ៉េ, ស្មើនឹង១៤៣ ចម្ការគ្រាប់, ក្នុងនោះមានផ្ទៃដីមានគ្រាប់បែកចង្កោម ចំនួន ៥ ៤៩៤ ០១៦ ម៉ែត្រការ៉េ ស្មើនឹង៥៨ចម្ការគ្រាប់។ កន្លងទៅ, អាជ្ញាធរមីនក៏បានប្រកាសរាជធានី-ខេត្ត ចំនួន៩ផ្សេងទៀត ជាខេត្តអស់មីន រួមមាន ខេត្តស្ទឹងត្រែង, ខេត្តកែប, ខេត្តព្រៃវែង, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង និង ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា «ថ្ងៃនេះ យើងកំពុងរៀបចំពិធីប្រកាសខេត្តកណ្តាលអស់មីន មានន័យថា យើងនៅសល់តែ ១៥ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាម ដោយសារគ្រាប់មីន។ លើសពីនេះទៀត, ក្រោមការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន, មូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ និងការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍នានា, ក្នុងឆ្នាំ ២០២៣ នេះ, កម្ពុជាគ្រោងនឹងប្រកាសខេត្តអស់មីនចំនួន៨ខេត្តបន្ថែមទៀត បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមាន ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី»

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានស្នើសូមអាជ្ញាធរមីន, ប្រតិបត្តិករជាតិ និង អន្តរជាតិទាំងអស់ បន្តផ្តល់នូវកិច្ចសហការ ជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សំដៅបង្កើនការចូលរួម ឲ្យបានកាន់តែសកម្មថែមទៀត ក្នុងការអប់រំ និង ការផ្សព្វផ្សាយ នូវការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ប្រជាសហគមន៍, សិស្សានុសិស្ស និង កុមារា-កុមារី ដែលរស់នៅក្បែរតំបន់មានចម្ការមីន និង តំបន់មានសំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់, ជាពិសេស ក្មួយៗកុមារ ដែលរស់នៅតាមតំបន់នៅមានហានិភ័យដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចូលរួមអនុវត្តវិធានការបង្ការគ្រោះថ្នាក់ ដូចខាងក្រោម៖

១៖ បើឃើញគ្រាប់មីន ឬ វត្ថុអ្វីដែលសង្ស័យថា ជាសំណល់ជាតិផ្ទុះពីសង្គ្រាម, សូមកុំ ប៉ះពាល់, កុំដំ, កុំដុត, កុំកាយ និង កុំគប់លេង, ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់, ធ្វើឱ្យធ្លាក់ខ្លួនពិការ ឬ បាត់បង់ជីវិត, ហើយត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរ មានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន ឬ អ្នកបោសសម្អាតមីនដែលនៅជិតបំផុត។

២៖ មិនត្រូវទិញ, លក់, រក្សាទុក ឬ កែច្នៃគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះ ជាអំពើល្មើសច្បាប់ ។
៣៖ មិនត្រូវប្រើប្រាស់ដី និង មិនត្រូវចូលក្នុងតំបន់ ដែលមិនស្គាល់ភូមិសាស្រ្តច្បាស់ ឬសង្ស័យថាមានមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមនោះឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអរគុណ និងវាយតម្លៃខ្ពស់ ចំពោះសហគមន៍អ្នកផ្តល់ជំនួយ, ដៃគូអភិវឌ្ឍន៍ និងអង្គការសប្បុរធម៌ទាំងអស់ ដែលបាននិងកំពុងឧបត្ថម្ភ គាំទ្រ, ផ្តល់ជំនួយបច្ចេកទេស និងកសាងសមត្ថភាពសម្រាប់ ការងារបោសសម្អាតមីន ដែល បានចូលរួមចំណែកជួយសង្រ្គោះអាយុជីវិត, កាត់បន្ថយភាពក្រីក្រ និងស្តារសង្គម-សេដ្ឋកិច្ច កម្ពុជា, ជាពិសេស ក្នុងបុព្វហេតុជួយរំដោះកម្ពុជា ឲ្យរួចចាកផុតពីមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តមបានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ, មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ, គ្រប់គ្រង និងសម្របសម្រួលការងារសកម្មភាពមីន នៅទូទាំងប្រទេសកម្ពុជា៕