ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»


ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែប​ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិ មាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យចាក់បញ្ចាំង នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានសំណេះសំណាល ដោយមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖

*សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះគណៈកម្មាធិការរៀបចំ ដែលដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា ជាមួយនឹងការរៀបចំពីបុក្គលិកទូរទស្សន៍បាយ័ន ដើម្បីរៀបចំកម្មវិធីនេះឡើង។

*សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួរសម្ដែងទាំងអស់ ដែលបានចូលរួមសម្ដែងបានយ៉ាងល្អ។

*សម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ដូចបញ្ជាការដ្ឋានកងអង្គរក្ស ដែលបានចូលរួមនៅក្នុងការផលិតរឿងនេះ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់ទីកន្លែង ដែលបានជួយសម្រួលឲ្យមានទីតាំងថត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលថវិកាសម្រាប់ទ្រទ្រង់ក្នុងដំណើរការថតខ្សែភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ជាបន្តបន្ទាប់។

*សម្តេចតេជោ បានបង្ហាញសៀវភៅប្រវត្តិសាស្ត្រមួយ ដែលមិនអាចទម្លាយបានទេនៅពេលនេះ អាចនឹងត្រូវទម្លាយប្រមាណជា១០ឆ្នាំខាងមុខ។

*សម្តេចតេជោ បានថ្លែងថា ឆាកប្រយុទ្ធដែលដកស្រង់យកមកសម្តែងក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» មានតែប្រាំឈុតឆាកសំខាន់ៗប៉ុណ្ណោះ នៅមានឈុតឆាកផ្សេងទៀត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានក្រុមហ៊ុនបរទេសចំនួន៣ បានមកជួបសម្តេចដើម្បីចង់ថតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» តែសម្តេចមិនឲ្យថត។

*សម្តេចតេជោ បានបន្តថា ការមិនឲ្យថត ដោយសារមិនចង់ឲ្យមានការយករឿងជីវិតផ្ទាល់ខ្លួនរបស់សម្តេច យកទៅកាឡៃខុសពីការពិត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តួអង្គសម្តេចក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ផ្សាភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រខ្មែរ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នឹងក្លាយជាកេរ្តិ៍មរកតសម្រាប់អ្នកជំនាន់ក្រោយយល់ដឹង។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នឹងផ្តល់ប្រយោជន៍ដល់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ដែលមានដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។

*សម្តេចតេជោ បានថ្លែងថា ផ្តើមចេញពីការយកជីវិតធ្វើដើមទុនរបស់សម្តេចនោះហើយ ទើបប្រទេសជាតិមានសន្តិភាពដូចសព្វថ្ងៃនេះ។

*សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ជីវិតស្នេហារបស់សម្តេចជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តើមចេញពីការផ្សំផ្គុំ ពីអ្នកមិនស្គាល់គ្នាសោះ ក្លាយជាគូព្រេងនឹងគ្នា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសារភាពថា សម្តេចស្រឡាញ់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែសម្តេចថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ស្រឡាញ់សម្តេចតែតាមរយៈការបង្ហាញសកម្មភាពមួយចំនួន។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «របួសខ្លួនប្រាណអាចព្យាបាលជា តែរបួសផ្លូវចិត្តពិបាកព្យាបាលបាន» ដែលបានវាយប្រហារសម្តេចរហូតមកដល់ពេលនេះ គឺការស្លាប់កូនប្រុស ហ៊ុន កំសត់ នៅនឹងមុខ។ សុំគេយកទៅកប់ គេមិនឲ្យ ប្រពន្ធឈឺក៏គេមិនឲ្យទៅមើល។

*សម្តេចបានថ្លែងថា សម្តេចបានកាន់តំណែងរដ្ឋរយៈពេលជាង៤០ឆ្នាំហើយ ៨០%នៃយល់សុបិន គឺរឿងពីអតីតកាលនេះ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកទាំងក្តុកក្តួលថា ចំពោះការវាយប្រហារផ្លូវចិត្តយ៉ាងខ្លាំង គឺខ្លាំងជាងការចូលសមរភូមិប្រយុទ្ធទៅទៀត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកភ្នែកសម្តេចតែងតែហូរជានិច្ចនៅពេលស្តាប់ចម្រៀង ទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ និងសំបុត្រដែលពិបាកសរសេរបំផុត។ ទោះបីត្រូវហូរទឹកភ្នែក តែសម្តេចនៅតែស្តាប់។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» មានហេតុផលមួយចំនួនមិនអាចយកមេដឹកនាំវៀតណាម យកមកថតជាមួយបានទេ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទុក្ខសោករបស់សម្តេច គឺជាទុក្ខសោករបស់ប្រជាជនទាំងមូល។

*សម្តេចតេជោ ហ៊ុន សែន បន្តថា ដោយសារតែឆ្លងការកាត់ការលំបាកទុក្ខសោកនេះហើយ ដែលនាំឲ្យសម្តេចប្តេជ្ញាថា ទោះក្នុងតម្លៃណាក៏ដោយ នឹងមិនឲ្យកម្ពុជាធ្លាក់ចូលសង្គ្រាមនោះទេ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងទម្លាយនូវរឿងសោកសៅមួយទៀត គឺឪពុកក្មេករបស់សម្តេច ត្រូវពួក ប៉ុល ពត បាញ់សម្លាប់ដល់ក្នុងផ្ទះ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រប់តួអង្គទាំងអស់ដែលបានរួចចំណែកក្នុងការផលិត រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» រួមទាំងទីប្រឹក្សាទាំងអស់ផងដែរ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឈុតឆាកប្រយុទ្ធទាំង៥លើកក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» បានថតរួចហើយ ក្នុងចំណោមឈុតឆាកប្រយុទ្ធពិត ១០៥លើក។