ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ការរៀបចំយុទ្ធនាការផ្លូវស្អាត គ្មានគ្រលុក បានបង្កើតឡើង ការអនុវត្តការងារណបក្សប្រជាជនកម្ពុជា ច្បាស់លាស់ ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ជាពិសេសការធ្វើដំណើរកម្សាន្ត ក្នុងរដូវឆ្នាំថ្មីប្រពៃណីជាតិ និងអបអរសាទរទេវតាឆ្នាំថ្មី ដែលយាងប្រទានពរជ័យ ដល់មាតុភូមិនិងប្រជាជនកម្ពុជា នាពេលខាងមុខ។
ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងបែបនេះ នៅក្នុងពិធីសំនេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ និងមកពីគណបក្សមូលដ្ឋានឃុំដំរិលជាច្រើននាក់ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងពីសមិទ្ធផលសំខាន់ៗ ជាច្រើនផ្សេងទៀត ដែលស្រុកអូររាំងឪ សម្រេចបាននាពេលកន្លងមក ជូនប្រជាពលរដ្ឋ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ព្រមទាំងកសាង ពង្រឹងសន្តិសុខ និងជីវភាពប្រជាពលរដ្ឋ ជាពិសេសការរៀបចំប្រែក្លាយតំបន់ប្រវត្តិសាស្រ្តបុរាណ ទន្លេស្ងួតនៅក្នុងឃុំព្រះធាតុ ជាតំបន់ទេសចរណ៍ធម្មជាតិ អព្យាក្រឹតកាបូន ដែលផ្តល់ប្រយោជន៍ដល់ ការការពារបរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋាននៅពេលខាងមុខ។
ជាមួយគ្នានេះដែរ ប្រធានក្រុមការងារក៏បានលើកឡើងថា បច្ចុប្បន្នក្រុមការងារសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានដាំផ្កាស្បៃរឿង១លានគុម្ព បានដាំដើមឈើហូបផ្លែ រាប់រយដើមនៅជុំវិញទន្លេស្ងួត ដែលរុក្ខជាតិទាំងអស់នេះ អាចជួយលំនឹងធម្មជាតិ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងជួយឲ្យដីមានជីជាតិ សម្រាប់ការងារដាំដុះ របស់ប្រជាកសិករ នៅក្នុងតំបន់ថែមទៀត។ លើសពិនេះឯកឧត្តម និងក្រុមការងារបានបំពាក់អំពូលសូឡា នៅក្នុងតំបន់រមណីយដ្ឋានទន្លេស្ងួត ផងដែរ។
ក្រៅពីសក្តានុពលជាច្រើនទៀត ឯកឧត្តម អ៊ាង សុផល្លែត បានលើកទឹកចិត្តជួយថែទាំសមិទ្ធផល ដែលយើងសម្រេចបាន និងការចូលរួមផ្សព្វផ្សាយ ពីសមិទ្ធផលទាំងនោះឱ្យបានទូលំទូលាយ។
ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថាក្រុមការងារទាំងអស់ រួមទាំងសមាជិក សមាជិកា គណបក្សប្រជាជានកម្ពុជា បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ សាមគ្គី និងសហការគ្នា ការពារផលប្រយោជន៍ប្រជាជន ជាពិសេសការពារសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕