មន្រ្តីជាន់ខ្ព​ស់ក្រសួងការបរទេស ដឹកនាំប្រតិភូចូលកិច្ចប្រជុំឧត្តមមន្រ្តី នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី២០ នៅរដ្ឋធានីហាណូយ


នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ ឯកឧត្តម លី វ៉ាន់ហុង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តី នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស លើកទី២០ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះបានធ្វើឡើងដោយមានការចូលរួមពីលោក NGUYEN MINH VU (ង្វៀន ម៉ិញវូ) អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមបញ្ជាក់ថា ខ្លឹមសារសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការដែលជាធាតុចូលរបស់បណ្ដាក្រសួង-ស្ថាប័ន នៃប្រទេសទាំងពីរ នឹងត្រូវដាក់បញ្ចូលទៅក្នុងកំណត់ហេតុកិច្ចប្រជុំពេញអង្គ ហើយនឹងត្រូវចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសទាំងពីរ ក្នុងទិសដៅជំរុញពង្រីកកិច្ចសហប្រតិបត្តិ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

សម្រាប់វិស័យព័ត៌មានវិញ ឯកឧត្តម លី វ៉ាន់ហុង ប្រធានប្រតិភូក្រសួងព័ត៌មាន បានពិនិត្យ និងផ្ដល់ធាតុចូលសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាម ក៏ដូចជា រវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន និងសារគមនាគមវៀតណាម សំដៅនាំមកនូវឧត្តមប្រយោជន៍សម្រាប់គ្រប់ភាគី ពិសេសការងារត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕