ឯកឧត្តមរដ្ឋមន្ត្រី៣រូបដឹកនាំប្រារព្ធពិធីក្រុងពាលីនៅប្រាសាទអង្គរវត្ត មុនព្រះរាជពិធីព្រះរាជទានព្រះអគ្គិជ័យសម្រាប់ស៊ីហ្គេម


កម្ពុជាបានរៀបចំពិធីក្រុងពាលីបួងសួងតាមបែបសាសនា មុនព្រះរាជពិធីព្រះរាជទានព្រះអគ្គិជ័យសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ខណៈពិធីនេះបានធ្វើឡើងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅក្តារបែនខាងមុខប្រាសាទអង្គរវត្ត។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងតំណាងអាជ្ញាធរខេត្តសៀមរាប និងអ្នកមុខអ្នកការជាច្រើនរូបទៀត។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ កម្ពុជាក៏បានចាប់ផ្តើមរៀបចំព្រះរាជពិធីសុំព្រះអគ្គិកីឡាពីព្រះអាទិទេព សម្រាប់ព្រះអគ្គិកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ នៅប្រាសាទអង្គរវត្ត។

ព្រះរាជពិធីសុំព្រះអគ្គិកីឡាពីព្រះអាទិទេពនឹងប្រារព្ធឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរៀបចំពិធីរត់ដង្ហែព្រះអគ្គិកីឡានេះនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសផងដែរ៕