អយ្យការសាលាដំបូងរាជធានី បានចេញដីកាកោះហៅប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ដែលបានរងការចោទប្រកាន់ក្លែងលិខិតទាក់ទងនឹងអត្ថបទមួយ ដែលបង្ហោះក្នុងហ្វេសប៊ុកមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ។
សូមជំរាបថា ប្រធានគណបក្សសង្គ្រោះជាតិ បានរងការប្តឹងមួយពី ឯកឧត្តម សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ពីករណីក្លែងលិខិតបន្ទាប់ពីបង្ហោះអត្ថបទមួយក្នុងហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៦ ។ អត្ថបទដែលបង្ហោះក្នុងហ្វេសប៊ុករបស់លោក សម រង្ស៊ី បានសរសេរថា ឯកឧត្តម សោម សឿន បានណែនាំដល់មន្ត្រី អ្នកគាំទ្រ និងបណ្តាញរួមបញ្ជូលទាំងមន្ត្រីរាជការ ស៊ីវិល ប៉ូលីស និងទាហាន ដើម្បីបង្កើតគណៈនីក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិត ដល់ទំព័រ Facebook របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយថា Like មួយចំនួនធំ ដែលបង្ហាញលើទំព័រ Facebook របស់សម្តេច គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឱលយយបង្កើត Accounts Facebook ក្លែងក្លាយដើម្បីផ្តល់ Likes សិប្បនិម្មិតក្លែងបន្លំជូនសម្តេច ។
យោងតាមដីកាកោះអញ្ជើញ ដោយព្រះរាជអាជ្ញារងសៀងសុខ នៅថ្ងៃនេះ បានកំណត់ថ្ងៃអោយឯកឧត្តមសម រង្ស៊ី ចូលបំភ្លឹនៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៦ ដើម្បីឆ្លើយបំភ្លឺក្នុងករណីនេះ ។ ដីកាកោះបានបង្គាប់ឱ្យសាមីខ្លួនត្រូវយកលិខិតផ្សេងៗ ដែលជាប់ទាក់ទងមកជាមួយផង នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២០ខែមេសា ខាងមុខនេះ ។
លោកសមរង្ស៊ី ក្នុងពេលចុងក្រោយនេះ បានរងការចោទប្រកាន់ពីករណីបង្ហោះ ឯកសារក្លែងក្លាយក្នុងហ្វេសប៊ុក របស់លោកដែលបាននាំអោយមានការប្តឹងទៅតុលាការជាបន្តបន្ទាប់ ។ ក្នុងចំណោមការក្លែងឯកសារបង្ហោះនោះ ក៏មានការបញ្ជាក់ទទួលស្គាល់ពីមន្ត្រីគណបក្សសង្គ្រោះជាតិផងដែរ។ ការប្តឹងទាក់ទងនឹងការក្លែងឯកសារនោះហើយ បាននាំអោយលោក សមរង្ស៊ី បានខ្លាចមិនហ៊ានចូលមកក្នុងប្រទេសកម្ពុជាវិញទេ ដោយសារខ្លាចមានការចាប់ខ្លួនផ្តន្ទាទោស ។