អយ្យការបង្កាប់សមរង្ស៊ីចូលបំភ្លឺ


     អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី បាន​ចេញ​ដីកា​កោះ​ហៅ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ក្លែង​លិខិត​ទាក់​ទង​នឹង​អត្ថបទ​មួយ ដែល​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក​មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ។

     សូម​ជំរាប​ថា ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​រង​ការ​ប្តឹង​មួយ​ពី ឯកឧត្តម សោម សឿន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ពី​ករណី​ក្លែង​លិខិត​បន្ទាប់​ពី​បង្ហោះ​អត្ថ​បទ​មួយ​ក្នុង​ហ្វេស​ប៊ុក កាល​ពី​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ ២០១៦ ។ អត្ថបទ​ដែល​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក​របស់​លោក​ សម ​រង្ស៊ី បាន​សរសេរ​ថា ឯកឧត្តម សោម សឿន បាន​ណែ​នាំ​ដល់​មន្ត្រី អ្នក​គាំទ្រ និង​បណ្តាញ​រួម​បញ្ជូល​ទាំង​មន្ត្រី​រាជ​ការ ស៊ីវិល ប៉ូលីស និង​ទាហាន ដើម្បី​បង្កើត​គណៈនី​ក្លែង​ក្លាយ ក្នុង​គោល​បំណង​ផ្តល់​ការ Like សិប្ប​និម្មិត ដល់​ទំព័រ Facebook របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដោយ​ភ្ជាប់​ជា​មួយ​នឹង​ការ​អត្ថា​ធិប្បាយ​ថា Like មួយ​ចំនួន​ធំ ដែល​បង្ហាញ​លើ​ទំព័រ Facebook របស់​សម្តេច​ គឺ​បាន​មក​ពី​ការ​ទិញ ឬ​ជួល​មនុស្ស​ក្រីក្រ ដែល​អត់​ការងារ​ធ្វើ ឱលយ​យ​បង្កើត Accounts Facebook ក្លែង​ក្លាយ​ដើម្បី​ផ្តល់ Likes សិប្ប​និម្មិតក្លែង​បន្លំ​ជូន​សម្តេច ។

     យោង​តាម​ដីកា​កោះ​អញ្ជើញ ដោយ​ព្រះ​រាជ​អាជ្ញា​រង​សៀង​​សុខ នៅ​ថ្ងៃ​នេះ បាន​កំណត់​ថ្ងៃ​អោយ​ឯកឧត្តមសម រង្ស៊ី ចូល​បំភ្លឹ​នៅ​ថ្ងៃ​ទី២០​ ខែ​មេសា ឆ្នាំ ២០១៦ ដើម្បី​ឆ្លើយ​បំភ្លឺ​ក្នុង​ករណី​នេះ ។ ដីកា​កោះ​បាន​បង្គាប់​ឱ្យសាមី​ខ្លួន​ត្រូវ​យក​លិខិត​ផ្សេងៗ ដែល​ជាប់​ទាក់​ទង​មក​ជា​មួយ​ផង នៅ​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​២០ខែ​មេសា ខាង​មុខ​នេះ ។

     លោក​សម​​រង្ស៊ី ក្នុង​ពេល​ចុង​ក្រោយ​នេះ បាន​រង​ការ​ចោទ​ប្រកាន់​ពី​ករណី​បង្ហោះ ឯកសារ​ក្លែង​ក្លាយ​ក្នុង​ហ្វេសប៊ុក របស់​លោក​ដែល​បាន​នាំ​អោយ​មាន​ការ​ប្តឹង​ទៅ​តុលា​ការ​ជា​បន្ត​បន្ទាប់ ។ ក្នុង​ចំណោម​ការ​ក្លែង​ឯកសារ​បង្ហោះ​នោះ ក៏មាន​ការ​បញ្ជាក់​ទទួល​ស្គាល់ពីមន្ត្រីគណបក្សសង្គ្រោះជាតិផងដែរ។ ការប្តឹងទាក់ទងនឹងការក្លែងឯកសារនោះហើយ បាននាំអោយលោក សមរង្ស៊ី បានខ្លាចមិនហ៊ានចូលមកក្នុងប្រទេសកម្ពុជាវិញទេ ដោយសារខ្លាចមានការចាប់ខ្លួន​ផ្តន្ទា​ទោស ។

Isue 18 03 16 2 copy