សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំកំពូលជាមួយនាយករដ្ឋមន្រ្តីជប៉ុន


(ទីក្រុងតូក្យូ-​ជប៉ុន):​ នៅរសៀលថ្ងៃទី ៧ ខែ សីហា ឆ្នាំ​២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកទី២១ នៅប្រទេសជប៉ុន គិតចាប់តាំងពី ឆ្នាំ១៩៩០មក។ នៅពេល អញ្ជើញមកដល់វិមានរដ្ឋាភិបាលជប៉ុន សម្តេចតេជោ ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់កក្តៅ និងស្និទ្ធស្នាល រាក់ទាក់បំផុតពីលោកនាយករដ្ឋមន្រ្តី Shinzo Abe រួមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃរដ្ឋា ភិបាលជប៉ុន។

បន្ទាប់ពីបញ្ចប់ពិធីត្រួតពលផ្លូវការហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដែលប្រព្រឹត្តិ នៅវិមានរដ្ឋាភិបាលជប៉ុន។ លោក Shinzo Abe បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចផ្លូវការការងាររបស់សម្តេចតេជោនាពេលនេះ។ លោកបានចាត់ទុក សម្តេចតេជោ គឺជាមិត្តចាស់របស់ប្រទេស និងប្រជាជនជប៉ុន។ នេះគឺជាលើកទី៨ហើយ ដែលលោក Shinzo Abe បានជួបប្រជុំកំពូលជាមួយ សម្តេចតេជោ។ លោកនាយករដ្ឋមន្រ្តីជប៉ុនបានសន្យានឹងបន្តចូលរួមចំណែកជួយកសាងនិងអភិវឌ្ឍន៍កម្ពុជាដូចដែលជប៉ុនធ្លាប់បានជួយនាពេល កន្លងមក ដើម្បីអោយកម្ពុជាក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ជាមួយគ្នានេះដែរ សម្តេចតេជោបានមានប្រសាសន៍ថា ឆ្នាំ២០១៧នេះគឺជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរដែលកាលពីឆ្នាំ ១៩៥៧ គឺលោកអតីតនាយករដ្ឋមន្រ្តីជប៉ុនដែលត្រូវជាជីតារបស់លោកនាយករដ្ឋមន្រ្តី Shinzo Abe បានទៅទស្សនកិច្ចនៅកម្ពុជា ជាលើកដំបូង។ នៅឆ្នាំ២០១៧ នេះដែរក៏ជាខួប ២៥ឆ្នាំ នៃការចូលបញ្ជូនកងកម្លាំងជប៉ុនលើកដំបូងទៅកាន់ប្រទេសកម្ពុជា ដើម្បីរក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UNTAC)។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកនាយករដ្ឋមន្រីជប៉ុន Shinzo Abe និងលោកជំទាវ ទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។

បន្ទាប់ពីបានបញ្ចប់នូវកិច្ចប្រជុំកំពូលរួចមក សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរគឺ ១)ការផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹក ប្រាក់សរុប ចំនួន 3,948 លានយ៉េន (ប្រមាណ$35លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងការធ្វើឲ្យប្រសើរ ឡើងវិញនូវប្រព័ន្ធការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤ និង ទី២)ការផ្តល់ឥណទានសម្បទាន ចំនួន 23,502 លានយ៉េន (ប្រមាណ$209លានដុល្លារអាមេរិក) សម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍ចំណតផែកុង តឺន័រថ្មីរបស់កំពង់ផែនស្វ័យ័តក្រុងព្រះសីហនុ។

បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូល។ ក្រោយពីបញ្ចប់សន្និសីទសារព័ត៌មានហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី និង គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយ លោកនាយករដ្ឋមន្រ្តី Shinzo Abe។

ឆ្លៀតក្នុងឱកាសនៃពិធីលៀងសាយភោជន៍ដ៏ស្និទស្នាលនេះ លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានរៀប ចំនំខួបកំណើតដ៏ភ្ញាក់ផ្អើលមួយជូនសម្តេចតេជោ ហ៊ុន សែន ប្រកបដោយបរិយាកាសរីករាយបំផុត៕