រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពិនិត្យ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា


នៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីពិនិត្យ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ក្រោមអធិបភាព  ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តអគារ A និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត, មេបញ្ជាការកង កម្លាំងប្រដាប់អាវុធទាំង៣, អភិបាលក្រុង ស្រុកទាំង៩, លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត, លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គោលបំណង នៃកិច្ចប្រជុំគឺដើម្បីណែនាំ និងពង្រឹងការអនុវត្តច្បាប់ បទបញ្ជារបស់រាជរដ្ឋាភិបាល ពិភាក្សាលើបញ្ហាប្រឈមនានា សំដៅ លើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញផែនការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្ត្រខេត្តរតនគិរី។

ថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តម ញ៉ែម សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមបានជំរុញ និងលើទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំ យកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

ជាពិសេសគណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិឲ្យបានល្អ ដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្តរបស់យើង ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំឲ្យមាន ការកាប់បំផ្លាញ ព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខមន្ទីរអង្គភាពជុំវិញខេត្តនិងតាមបណ្តាក្រុង ស្រុកត្រូវសំអាតអនាម័យបរិស្ថាន តុបតែងលម្អឱ្យបានស្អាតល្អដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី២០២៣៕