មុនទៅបំពេញការងារនៅទីក្រុងហ្សាកាតា, រដ្ឋមន្ត្រីការងារណែនាំឱ្យនាយកខុទ្ទកាល័យអគ្គលេខាធិការអាស៊ាន បំពេញភារកិច្ចឱ្យបានល្អ ដើម្បីលើកម្ពស់កិត្យានុភាពអាស៊ាន និងនាំផលប្រយោជន៍ជូនជាតិកម្ពុជា


ឯកឧត្តម លុច្ស តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ អគ្គលេខាធិការអាស៊ាន ដែលនឹងទៅបំពេញបេសកកម្មការងារនៅលេខាធិការដ្ឋានអាស៊ាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។

មុនចេញទៅបំពេញបេសកកម្មការងារនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៉ី កាលពីថ្ងៃទី២៨ ខែមីនាម្សិលមិញ ឯកឧត្តម លុច្ស តារា ត្រូវបានឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងជម្រាបលា។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះឯកឧត្តម លុច្ស តារា ដែលទទួលបានការតែងតាំងជានាយកខុទ្ទកាល័យ អគ្គលេខាធិការអាស៊ាន ហើយក៏ជាមុខមាត់មួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាមោទនភាពសម្រាប់ក្រសួង ដែលមានមន្ត្រីរបស់ខ្លួនទៅបម្រើការនៅលេខាធិការដ្ឋានអាស៊ាន។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យលោក លុច្ស តារា ខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យបានល្អ ដើម្បីលើកកម្ពស់កិត្យានុភាពអាស៊ានទាំងមូលឱ្យកាន់តែខ្ពស់ត្រដែត នៅក្នុងឆាកតំបន់ និងអន្តរជាតិ ហើយក៏បានណែនាំឱ្យជួយជំរុញគម្រោងនានា ដែលអាចនាំផលប្រយោជន៍ជូនប្រទេសជាតិ ជាពិសេសពាក់ព័ន្ធនឹងវិស័យការងារ និងទេសន្តរប្រវេសន៍។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានផ្តាំផ្ញើការសួរសុខទុក្ខដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងផ្តាំជូនពរឯកឧត្តម ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនេះ។

មុនត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ អគ្គលេខាធិការអាស៊ាន, ឯកឧត្តម លុច្ស តារា មានតួនាទីជាប្រធានក្រុមលេខាធិការរបស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន ដែលពេលនោះឯកឧត្តមមានតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ២០១៣ រហូតដល់ឯកឧត្តម កៅ គឹមហួន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន។

ឯកឧត្តម លុច្ស តារា ត្រូវបានតែងតាំងជាជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

សូមជម្រាបថា ឯកឧត្តម កៅ គឹមហួន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន ជំនួសលោក លឹម ចុកហ៊យ ដែលចប់អាណត្តិ ពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី។

ក្នុងពិធីនេះ មានការចូលរួមពីតំណាងអចិន្ត្រៃយ៍ប្រទេសសមាជិកអាស៊ានទាំង១០ និងឯកអគ្គរដ្ឋទូតប្រទេសមិនមែនអាស៊ាន ចំនួន៩៧ប្រទេស បណ្តាញសារព័ត៌មានអន្តរជាតិចំនួន១១ និងអង្គភាពអាស៊ាននានា ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ចំនួន៦។

តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ៕