អភិបាលខេត្តកំពង់ចាម និងអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់នាំយកអំណោយសម្ដេចតេជោចែកជូនពលរដ្ឋ៥៣០គ្រួសារ នៅស្រុកកោះសូទិន


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានសមាគមមូស្លីមកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់សាសនិកឥស្លាមនៅក្នុងខែរ៉ាម៉ាទន (ខែបួស) ចំនួន៥៣០គ្រួសារ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។

ឯកឧត្តមអភិបាលខេត្តផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យជួយរក្សាសុខសន្តិភាព ដែលប្រទេសកម្ពុជាយើងកំពុងតែមានស្រាប់ ពីព្រោះកត្តាលសុខសន្តិភាពនេះបាននាំមកនូវការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើងផងដែរ។

សូមបញ្ជាក់ថាការចែកជូនកញ្ចប់អាហារស្រាយបួសសម្រាប់ប្រជាពលរដ្ឋចំនួន៥៣០គ្រួសារនេះ គឺមានឯកសណ្ឋានថ្វាយបង្គំ​ចំនួន២០០ ឯកសណ្ឋានសម្រាប់យុវជន ស.ស.យ.ក និងសម្ព័នយុវជន CMYA និងថវិការជូនដល់គ្រូបង្រៀនស្ម័គ្រចិត្តខ្មែរឥស្លាមចំនួន៣០រូប ដែលបានចំណាយថវិកាសរុបចំនួន៤៦,០៥០,០០០រៀល ស្មើនឹង១១,៣៧០ដុល្លាសហរដ្ឋអាមេរិក៕