សម្តេចតេជោ ហ៊ុន សែន៖ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស គឺនឹងបន្តធានាសុខសន្តិភាព និងការអភិវឌ្ឍ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ដរាបណា គណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះឆ្នោតដើម្បីដឹកនាំប្រទេសកម្ពុជា គឺនឹងបន្តធានានូវស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប។

ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួនពីរអគារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានកាតព្វកិច្ចនិយាយប្រាប់ប្រជាពលរដ្ឋថា បើសិនជាគណបក្សប្រជាជនបន្តគ្រប់គ្រងអំណាចវាច្បាស់ណាស់ថា ប្រទេសនេះមានស្ថេរភាព មានសន្តិភាព និងមានការអភិវឌ្ឍ។ សម្រាប់គណបក្សដទៃអ្នកទាំងអស់គ្នាច្បាស់ហើយ ឬនៅ? ក្រែងលោវារត់ជាន់គ្នានុស ប៉ុន្តែ ក្នុងពេលដែលគណបក្សប្រជាជនគ្រប់គ្រងអំណាច គឺអត់មានរត់ទៅណាទេ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុ​ន សែន បានថ្លែងថា បច្ចុប្បន្ននេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់។ ដែលខុសស្រឡះពីគណបក្សនយោបាយមួយចំនួនបានយករបៀបវារៈនៃប្រាក់ខែរបស់មន្ត្រីរាជការមកដេញថ្លៃនៅក្នុងរដូវឃោសនាបោះឆ្នោតទៅវិញ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ដូច្នេះ សង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាមិនភ្លេចគណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លុកទឹក ភ្លុកដី ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមដំបូលនៃសុខសន្តិភាព។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អ្នកស្រុកក្រូចឆ្មារ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងរំពឹងថាប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕