ឯកឧត្តម ស្តើង សុខុម៖ ជាង៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា តែងតែជាស្នូលគ្រប់សមរភូមិសង្គ្រោះ ការពារ អភិវឌ្ឍន៍ និងកំណែទម្រង់សំខាន់ៗរបស់ជាតិ


ឯកឧត្តម ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំចាយមារខេត្តព្រៃវែង បានថ្លែងថា ប្រវត្តិនៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ តែងតែជាស្នូលគ្រប់សមរភូមិសង្គ្រោះ ការពារ អភិវឌ្ឍន៍ និងកំណែទម្រង់សំខាន់ៗ របស់ជាតិ ដែលនេះ គឺជាប្រវត្តិនៃការដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗ នៃប្រវត្តិសាស្ត្រនៅលើមាគ៌ានយោ​បាយ ​ដែលមានគោលដៅច្បាស់លាស់ មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយដើ​ម្បី​ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ។

ឯកឧត្តម ស្តើង សុខុម បានថ្លែងបែបនេះទៅកាន់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងស្រុកកំចាយមារ ក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ ការអនុវត្តផែនការ សកម្មភាពរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ និងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខដែលបានប្រារព្ធធ្វើនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារ។

ឯកឧត្តម ស្តើង សុខុម បានគូសបញ្ជាក់ថា ឆ្លងកាត់រយៈពេលជាង៤០កន្លងមកនេះ គណបក្សប្រជាជនកម្ពុជាតែងតែជាស្នូលគ្រប់សមរភូមិ នៃដំណើរការតស៊ូសង្គ្រោះ​អាយុជីវិត និងប្រទេ​ស​ជា​តិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

សមរភូមិប្រឆាំង និងភាពអត់ឃ្លាន ក្រោយរំដោះ ៧ មករា ១៩៧៩ ប្រទេសមួយដែលខ្ទេចខ្ទាំសល់តែផេះផង់ប្រជាជាតិមួយ ដែលពិភពលោកលែងស្គាល់ លែងដឹងលឺ ប្រជាជនមួយដែលរស់ឆ្លងកាត់ភាពទុរ្ភិក្ស អត់ឃ្លាន រស់ស្មើមិនបាន នឹងសត្វ បែរជាបានក្លាយទៅជាប្រទេសមួយ ដែលមានការរីកចម្រើនខ្លាំងទាំងសេដ្ឋកិច្ច សង្គម និងមានសកម្មភាពរស់រវើកក្លៀវក្លាយ៉ាងក្រៃលែង។

ឯកឧត្តមបន្តថា ឆ្នាំ១៩៧៩ កម្ពុជាគឺឆ្នាំសូន្យ ប៉ុន្តែ៤០ឆ្នាំក្រោយមកសេដ្ឋកិច្ចកម្ពុជា មានកំណើនខ្ពស់ ជីវភាពរស់នៅរបស់ប្រជាជនមានការប្រែប្រួលរីកចម្រើនឡើងជាលំដាប់។ ឆ្លងកាត់សមរភូមិផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ និងរកសន្តិភាពពេញលេញជូនជាតិមាតុភូមិ, បញ្ចប់នូវសង្រ្គាមរាំរ៉ៃដែលមិនធ្លាប់មាន ក្នុងរយៈពេលជាង៥០០ឆ្នាំ និងចុងក្រោយនេះ សមរភូមិជួយសង្រ្គោះអាយុជីវិតប្រជាជន បញ្ចៀសចេញផុតពីហានិភ័យ និងគ្រោះមហន្តរាយ នៃជំងឺឆ្លងរាតត្បាតសកលកូវីដ១៩។ រហូតមកដល់បច្ចុប្បន្ន យើងបានគ្រប់គ្រងសភាពការណ៍ ក្នុងដៃបញ្ចៀសបាននូវហានិភ័យធ្ងន់ធ្ងរ បើធៀបជាមួយបណ្តាប្រទេសនានានៅក្នុងពិភពលោក។

ទាំងនេះគឺជាសមរភូមិ និងជាមរតកដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទុកសម្រាប់ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ និងប្រជាជនកម្ពុជា។ មរតកនេះមិនត្រឹមតែឆ្លុះបញ្ចាំងឲ្យឃើញនូវកេរ្ដិ៍ដំណែល មិនអាចកាត់ថ្លៃបានរបស់អគ្គមគ្គុទេសក៍ដ៏ឆ្នើម នៃប្រជាជនកម្ពុជាយើងនេះទេ ប៉ុន្តែក៏បានជួយទៅដល់ការសង្រ្គោះអាយុជីវិតប្រជាជន ពីសេចក្តីស្លាប់ជួយបញ្ចៀសហានិភ័យ និងគ្រោះមហន្តរាយឲ្យរលត់រលាយខ្ចាត់ខ្ចាយពីលើមាតុភូមិកម្ពុជាទៀតផង។

ឯកឧត្តម ស្តើង សុខុម បានលើកឡើងទៀតថា អាស្រ័យហេតុនេះនៅក្នុងនយោបាយ និងសកម្មភាពទាំងមូល​របស់​គ​ណ​បក្សប្រជាជន ត្រូវបានប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងយកប្រជាជនធ្វើជាគោលដៅ នៃការ​បម្រើរបស់​ខ្លួ​ន។ ព្រមជាមួយនេះ ប្រជាជនម្នាក់ៗ ក៏គប្បីយល់ដឹងច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់ខ្លួនហើយចូលរួមប្រកប ដោយភាពជាម្ចាស់ក្នុងការកសាង និងការពារជាតិ។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីៗទាំងអស់ដើម្បីប្រទេសជាតិ និងប្រជាជនដូចនេះប្រជាជន ក៏ត្រូវធ្វើអ្វីៗទាំងអស់ដើម្បីគណបក្សប្រជាជនកម្ពុជាវិញផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ស្តើង សុខុម បានថ្លែងកោតសរសើរ និងអរគុណចំពោះក្រុមការងារ និងគណបក្សមូលដ្ឋាន ដែលបានអនុវត្តការងារឆ្ពោះទៅកាន់ការបោះ ឆ្នោតបានល្អប្រសើរនិងឯកភាពទិសដៅការងារបន្តរបស់គណបក្សស្រុក ព្រមទាំងស្នើឲ្យខិតខំឲ្យបានខ្លាំងឡើង សំដៅធានាឲ្យបានជោគជ័យជាដាច់ខាត។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានស្នើឲ្យក្រុមការងារ និងគណបក្សមូលដ្ឋានពិនិត្យ និងពង្រឹងឲ្យបានល្អសកម្មមានប្រសិទ្ធភាពខ្ពស់ ចំពោះគណបញ្ជាការយុទ្ធនាការបោះ ឆ្នោតថ្នាក់ស្រុក និងឃុំទាំង៨។ ជាមួយនេះ ស្នើពង្រឹងគុណភាពកម្លាំងបក្ស តាមរយៈការគ្រប់គ្រងច្បាស់លាស់ជិតស្និទ្ធ ដល់ក្រុមបក្ស, គ្រួសារបក្ស និងសមាជិកបក្សទាំងអស់។ ពិនិត្យ និងផ្តល់ឯកសារអត្តសញ្ញាណ សម្រាប់ការបោះឆ្នោតឲ្យបានគ្រប់ និងទាន់ពេលវេលាដល់សមាជិកបក្សយើង។

ឯកឧត្តមស្នើអាជ្ញារធមូលដ្ឋានធានាអនុវត្តឲ្យបានល្អគោលនយោបាយ ភូមិ ឃុំសុវត្ថិភាព ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំ ប្រពៃណីជាតិ រហូតដល់ថ្ងៃបោះឆ្នោត និងត្រូវបង្កើនការខិតខំផ្តល់សេវាសាធារណៈឲ្យបានកាន់តែល្អប្រសើរ។ លោកប្រធានក៏បានណែនាំដល់ក្រុមការងារ និងគណបក្សមូលដ្ឋាន ត្រូវត្រៀមសម្ភារៈ មធ្យោបាយ ថវិកា និងផែនការសកម្មភាពជាក់លាក់សំដៅធានាដណ្តើមជោគជ័យជូនគណបក្សយើងឲ្យបានធំធេង។

ឯកឧត្តមប្រធានក្រុមការងារបក្សចុះជួយស្រុកកំចាយមារ ក៏បានដាក់ចេញនៅផែនការការងារជាក់ស្តែង សម្រាប់ការសកម្មភាពជាក់លាក់សម្រាប់ខែមេសា ឧសភា និងមិថុនា សំដៅធានាដណ្តើមជោគជ័យ ជូនគណបក្សឲ្យបានធំធេង។

នៅក្នុងពិធីនោះ ឯកឧត្តម ស្តើង សុខុម ក៏បានធ្វើការឧបត្ថម្ភអាវយឺត «កំចាយមារស្រុកកំណើតខ្ញុំ» ដល់វត្តអារាមចំនួន៣៧កន្លែង ក្នុងស្រុកកំចាយមារ សម្រាប់រៀបចំកម្មវិធីកម្សាន្ដដោយយមួយវត្តទទួលអាវយឺត៥០អាវ រួមជាមួយថវិកា២០ម៉ឺនរៀល ដែលសរុបថវិកាអស់៧.៤លានលានរៀល។

ឧបត្ថម្ភស្រាបៀ ៤០០កេស សម្រាប់ភូមិទាំង១២៩ ដោយមួយភូមិទទួលបានស្រាបៀ ៣កេស សម្រាប់ទទួលពលករចំណាកស្រុក ដែលមកលេងភូមិកំណើតក្នុងថ្ងៃចូលឆ្នាំខ្មែរ នាពេលខាងមុខ។ សមាជិក សមាជិកា ចូលរួមប្រជុំដែលមកពីភូមិ-ឃុំ ចំនួន២៨៧នាក់ ទទួលបានថវិកាម្នាក់២ម៉ឺនរៀល សរុបថវិកា៥.៧៤លានរៀល។

ឧបត្ថម្ភអធិការដ្ឋាននគរបាល១លានរៀល, អាវុធហត្ថស្រុក៥០ម៉ឺនរៀល, ប៉ុស្តិ៍នគរបាលចំនួន៨ មួយប៉ុស្តិ៍ទទួលបាន១០ម៉ឺនរៀល, គណបក្សស្រុករៀបចំប្រជុំ ២០ម៉ឺនរៀល, ស្រាបៀ៥កេស និងអាវយឺត៣០អាវ។ គណបក្សឃុំទាំង៨ ទទួលបានស្រាបៀ ១កេស, អាវយឺត១៥អាវ។

ឧបត្ថម្ភកម្មវិធីរំលឹកគុណគ្រូ នៅវិទ្យាល័យហ៊ុនសែនកំចាយមារ ថវិកា១លានរៀល។ រៀបចំបាយសាមគ្គី ៨០ម៉ឺនរៀល និងឧបត្ថម្ភឡានស្រោចទឹកផ្លូវកុំឲ្យហុយ ១.២លានរៀល។ សរុបឧបត្ថម្ភទាំងអស់ មានអាវយឺត «កំចាយមារស្រុកកំណើតខ្ញុំ» ២,០០០អាវ, ស្រាបៀ ៤០០កេស និងថវិកាសរុប១៨.៦៤លានរៀល៕