សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិត ស្តីពីការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសាររងហានិភ័យពីសម្ពាធអតិផរណា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ចេញសារលិខិត ស្តីពីការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសាររងហានិភ័យពីសម្ពាធអតិផរណា ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានកំណត់អត្តសញ្ញាណរួច ដោយអាចទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។​ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែមេសានេះ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា គឺជាកម្មជាតិគាំពារសង្គមមួយទៀត សម្រាប់ជួយគាំពារគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា។

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តតាមសារលិខិតលេខ ៣៣ សលខ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ត្រូវទទួលបានការឧបត្ថម្ភចំនួន៣លើក ក្នុងនោះ លើកទី១៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣៕