ដើម្បីឱ្យពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី រយៈពេល ៣យប់ ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២-២៤ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ រោងពិធី ក្រុមសិល្បៈ រួមទាំងម្ហូបអាហារ ឬចង្ហាន់ប្រគេនព្រះសង្ឃផងនោះ អាជ្ញាធររាជធានីភ្នំពេញ និងអនុគណៈកម្មការផ្សេងៗ ព្រមទាំងកងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានបើកកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀត។
កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
ពិធីបុណ្យនេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ឬសសីមា។
កិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងលម្អិត ទៅលើការងារសំខាន់ៗមួយចំនួន មានទាំងការរៀបចំរោងទិសទាំង៩ ការសម្រេចយកចុងភៅរួម ការរៀបចំកន្លែងផ្ញើយានយន្ត ដោយមិនយកប្រាក់ក្រុមសិល្បៈក្នុងពិធីត្រូវ បានសម្រេចរៀប ចំឡើង ដោយខាងទូរទស្សនបាយ័ន ដែលមានទាំងល្ខោនបាសាក់, ចាប៉ីដងវែង, អាយ៉ៃឆ្លើយឆ្លង និងការប្រគុំតន្ត្រីជាដើម។ ចំណែកខាងទូរទស្សន៍ជាតិ នឹងត្រូវផ្សាយផ្ទាល់ ក្នុងពិធីនេះផងដែរ។
បន្ថែមពីនេះកិច្ចប្រជុំក៏បានសម្រេចឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងលម្អិតពីពិធីបុណ្យនេះផងដែរ ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយនានា យកទៅផ្សព្វផ្សាយឱ្យសាធារណៈជនបានដឹង និងបានមកចូលរួមក្នុងពិធីបុណ្យនេះឱ្យបានអធឹកអធម។
វត្តព្រះបារមីវង្កតបុរី ជាទីអារាមមួយដែលបានតំកល់ធាតុមាតា បិតា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចទាំងទ្វេ វត្តព្រះបារមីវង្កតបុរីនឹងត្រូវធ្វើពិធីបុណ្យ កាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ សម្រាប់ថ្ងៃទី២៤ ខែមេសា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអញ្ជើញកាត់ឬសសីមា៕