នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ យោធភូមិភាគទី៤


នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ យោធភូមិភាគទី៤។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចូលរួមសម្តែងនូវការអបអរសាទរចំពោះ វរសេនីយ៍ឯក សាន់ សារូ ដែលត្រូវបានតែងតាំងមុខតំណែងជាមេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។

នាយឧត្តមសេនីយ៍ បង្ហាញក្តីសង្ឃឹមជឿជាក់ថា មេបញ្ជាការរង នាយសេនាធិការថ្មី រួមជាមួយនឹងមេបញ្ជាការអង្គភាព ព្រមទាំងយោធិនរបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យទាំងអស់ នឹងរួមគ្នាក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អ ហើយបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារឲ្យបានកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗកាន់តែប្រសើរឡើងថែមទៀតជូនជាតិមាតុភូមិ ជាពិសេសធ្វើយ៉ាងណាធានាឲ្យបាននូវនិរន្តរភាព នៃការរីកចម្រើនរបស់អង្គភាពបន្តទៅមុខ ដើម្បីទុកជាមូលដ្ឋានសម្រាប់អ្នកបន្តវេនជំនាន់ក្រោយៗទៀត។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ដែលបានខិតខំបំពេញគ្រប់ភារកិច្ច រហូតអង្គភាពមានភាពរឹងមាំលើគ្រប់វិស័យ ដែលពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីឆន្ទៈដ៏មោះមុត, សាមគ្គីភាពផ្ទៃក្នុងល្អ, ស្មារតីដ៏អង់អាចក្លាហាន, មនសិការវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ ក្នុងការសម្រេចភារកិច្ចបម្រើជាតិមាតុភូមិ ស្របតាមផែនការរបស់យោធភូមិភាគទី៤ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ។

នាយឧត្តមសេនីយ៍ បានធ្វើការវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៤ រួមទាំងគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះ ដែលកន្លងមក បានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ឲ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈ ព្រមជាមួយនឹងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ។

ជាក់ស្តែង ទន្ទឹមនឹងជោគជ័យលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺពេញមួយឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសកម្ពុជា បានឆ្លងកាត់នូវសភាពការណ៍សំខាន់ៗជាច្រើន រួមទាំងការសម្រេចបាននូវសមិទ្ធផលធំៗគ្រប់ទិដ្ឋភាព ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ដែលសុទ្ធសឹងជាជំហានឈានឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយមរបស់ជាតិ និងប្រជាជនកម្ពុជា នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាការពិតណាស់ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការខិតខំប្រឹងប្រែងតស៊ូលះបង់ពុំខ្លាចនឿយហត់ គួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់សូមឲ្យយោធិនទាំងអស់ បន្តចូលរួមថែរក្សាសនិ្តភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងអំទ្បុងពេលនៃការអបអរសាទរសង្ក្រានឆ្មាំថ្មី ឆ្នាំថោះ ព្រមទាំងព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games 2023 នៅក្នុងខែឧសភា និងមិថុនា ក៏ដូចជាការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខយ៉ាងពេញលេញ៕