ក្រសួងទេសចរណ៍រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរសិរីសួស្ដីដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នាឱកាសបុណ្យចូលឆ្នាំថ្មី


ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរសិរីសួស្ដីដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមចំណុះ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៦ (ជិតឈានដល់២៥៦៧) មហាសករាជ១៩៤៥ ចុល្លសករាជ១៣៨៥។

ក្នុងពិធីនេះគេឃើញមានការនិមន្តព្រះសង្ឃមកសូត្រមន្តចម្រើនព្រះបរិត្ត និងមានការរៀបចំកិច្ចពិធីតាមបែបព្រះពុទ្ធសាសនាប្រពៃណីខ្មែរ ក្រោមវត្តមានាធិបតីភាពរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយវត្តមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក-អគ្គនាយករងនៃអគ្គនាយកដ្ឋាន ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការចំណុះក្រសួងទេសចរណ៍ជាច្រើនរូបទៀត។

បន្ទាប់ពីបញ្ចប់កិច្ចពិធីសូត្រមន្តចម្រើនព្រះបរិត្តរួចហើយ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក៏បានទស្សនាការសម្ដែងរបាំត្រុដិនៅមុខអគារទីស្ដីការក្រសួងទេសចរណ៍។ របាំត្រុដិ គឺជារបាំប្រជាប្រិយបុរាណខ្មែរមួយដែលប្រជាពលរដ្ឋតែងនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដើម្បីបណ្ដេញគ្រោះឧបទ្រពចង្រៃ ភាពមន្ទិលសៅហ្មងចេញ ហើយទទួលបានត្រឡប់មកវិញនូវសេចក្ដីសុខ សេចក្ដីចម្រើន សិរីសួស្ដី ជ័យមង្គល បវរប្រសើរជាដើម។

គួរជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៦ (ជិតឈានដល់២៥៦៧) មហាសករាជ១៩៤៥ ចុល្លសករាជ១៣៨៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។

ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមិនដូចឆ្នាំមុនៗឡើយ ពោលគឺប្រជាជននៅទូទាំងប្រទេសកម្ពុជាអាចដើរហើរដោយសេរី ដោយមិនមានការរឹតត្បិតដូចកាលពីពេលជួបវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ១៩នោះឡើយ ប៉ុន្តែយ៉ាងណារាជរដ្ឋាភិបាលនៅតែអំពាវនាវឱ្យការយកចិត្តទុកដាក់ចំពោះការការពារសុវត្ថិភាពពេលធ្វើដំណើរ ការយកចិត្តទុកដាក់ចំពោះសុខភាព ការផ្តោតជាប្រចាំលើបញ្ហាអនាម័យ គុណភាពសេវាកម្ម និងការកំណត់ថ្លៃសេវាកម្ម-ទំនិញឱ្យបានសមស្របផងដែរ៕