ក្រុងពាលីនិងសម្ពោធភូមិកីឡា ជាសញ្ញាថា អ្វីៗរួចរាល់


នេះជាសញ្ញាបញ្ជាក់ថាការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម គឺបានរួចរាល់ជាស្ថាពរ ក្នុងខណៈដែលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC អញ្ជើញក្រុងពាលី និងសម្ពោធដាក់ឲ្យ ប្រើប្រាស់ភូមិកីឡាជាផ្លូវការ ដើម្បីត្រៀមទទួលប្រតិភូ និងអត្តពលិក ចូលរួមការ ប្រកួតកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នាពេលដ៏ខ្លី ខាងមុខ នាល្ងាចថ្ងៃទី២០ មេសា ម្សិលមិញនេះ ។ ការសាងសង់ភូមិកីឡា ត្រូវបានបិទបញ្ចប់ទាំងស្រុង ត្រឹមថ្ងៃនេះ ដោយមិន អនុញ្ញាតឲ្យមានការសាងសង់អ្វី ដែលបង្កឲ្យមានសម្លេងទៀតឡើយ។

សម្ដេចពិជ័យសេនា បានមានប្រសាសន៍ថា៖ «កិច្ចការងារនេះ យើងបាន និយាយជា បន្តបន្ទាប់ហើយ គឺយើងបិទស្នូរសំឡេង ដែលយើងហៅថា ការសាង សង់មិនឲ្យមានសំឡេងទៀតទេ។​ ចាប់ពីម៉ោងនេះទៅ គឺយើងនៅសល់តែការ បោសជូត លាងសម្អាតបន្តិចបន្តួច នៅតាមបន្ទប់នានា ធ្វើអនាម័យ ហើយនឹង រៀបចំមើលថែទាំសម្ភារៈនានា តែប៉ុណ្ណោះ»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសជូនដល់ប្រតិភូ អត្តពលិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៃបណ្ដាប្រទេសសមាជិកទាំងអស់ថា៖ កម្ពុជាបានរៀបចំ ជូនរួចជាស្រេច នូវកន្លែងស្នាក់នៅហូបចុក ប្រកបដោយផាសុកភាព ព្រមទាំង ធានាថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមស្វាគមន៍យ៉ាងកក់ក្តៅដូចការយក ចិត្តទុកដាក់ជារឿយៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក្នុងការទទួលបដិសណ្ឋារកិច្ចប្រតិភូ និងអត្តពលិក ក៏ដូចជាអ្នកគាំទ្រមកពីគ្រប់ទិសទី ។

ភូមិកីឡាត្រូវបានបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០២០ ដោយក្រុមហ៊ុន WorldBridge Sport Village ជាក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ ។ ភូមិកីឡា នឹងបម្រើដល់ការស្នាក់នៅរបស់អត្តពលិក មន្ត្រីអាជ្ញាកណ្ដាល និង នាយរងបេសកកម្ម ដែលចូលរួម នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សរុបប្រមាណ ៣,៧០០ គ្រែ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា៖ ភូមិកីឡា នឹងទទួលការស្នាក់នៅហូបចុក សម្រាប់អត្តពលិក ដែលត្រូវប្រកួត នៅពហុកីឡ ដ្ឋានមរតកតេជោ ប៉ុណ្ណោះ ខណៈប្រតិភូកីឡាអត្តពលិក ដែលត្រូវប្រកួតនៅទីលាន ផ្សេងៗ ដូចជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ឬទីលានមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ នឹងត្រូវរៀបចំឱ្យស្នាក់នៅសណ្ឋាគារ ដែលនៅជិតទីលាន ប្រកួត ដើម្បីផ្តល់ភាពងាយស្រួល និងកក់ក្តៅជាទីបំផុត ជូនដល់ប្រតិភូកីឡា អាស៊ាន។

សណ្ឋាគារចំនួន ១១ កន្លែងផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំជូន អត្តពលិកផ្សេងៗ ដែលមានទីតាំងកៀកទៅនឹងពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំ ពិក) ក៏ដូចជា មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ជាមួយនឹងការហូបចុក ស្នាក់នៅ របស់ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ទាំងអស់ ដែលកម្ពុជាទទួលដោយឥតគិតថ្លៃ ។

លោក វ៉ាត់ ចំរើន បានបន្ដថា៖ ក្រោយទទួលបានការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ក្នុងការមិនយកកម្រៃ សម្រាប់ការហូបចុក-ស្នាក់នៅ របស់ប្រតិភូ អត្តពលិក អាស៊ីអាគ្នេយ៍ទាំងអស់ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ យើងបាន ផ្សព្វផ្សាយ ជូនដល់គណៈកម្មាធិការជាតិអូឡាំពិក នៃបណ្តាប្រទេសអាស៊ី អាគ្នេយ៍ទាំងអស់រួចហើយៗ គ្រាន់តែបណ្តាប្រទេសទាំងអស់ ទទួលបានដំណឹង ស្តីពីការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃនេះ ភ្លាមៗពួកគាត់បានបង្ហាញក្តីរីក រាយជាខ្លាំង ដោយសម្តែងក្តីត្រេកអរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះម្ចាស់ផ្ទះកម្ពុជា ដោយបានចាត់ទុកថា កម្ពុជា ពិតជាអស្ចារ្យ មានសន្ដានចិត្តល្អ។

អ្វីដែលចាប់អារម្មណ៍បំផុតគឺ គណៈកម្មាធិការជាតិ នៃបណ្តាប្រទេសអាស៊ី អាគ្នេយ៍ ជាច្រើន ជាពិសេសគឺ អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកឡាវ បានផ្ញើសារអបអរសាទរ និងកោតសរសើរចំពោះការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូងរបស់កម្ពុជា។ អ្វីដែលយើង កំពុងរៀបចំកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ២០២៣ គឺយើងទទួលបាន ការសាទរ និងគាំទ្រ យ៉ាងពេញទំហឹង ពីមិត្តអាស៊ានទាំងអស់ ដែលយើងទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត» ។

ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែម ដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ឲ្យទទួលបានជោគជ័យ ជាកំណត់ត្រាថ្មីមួយ ម្ចាស់ផ្ទះកម្ពុជា នឹងមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូប ចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗ មានតម្លៃ ៥០ ដុល្លារអាម៉េរិក ក្នុង ១ថ្ងៃៗនោះ ឡើយ។ ប្រតិភូកីឡា អត្តពលិកអាស៊ានទាំងអស់ នឹងទទួលបានការហូបចុក- ស្នាក់នៅ ដោយឥតគិតថ្លៃ ដែលជាហេតុការណ៍មួយ មិនធ្លាប់មានទាល់តែសោះ ក្នុងប្រវត្តិស៊ីហ្គេមកន្លងមក ។

ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ធ្លាប់មានប្រសាសន៍ថា៖ «កម្ពុជា ជាប្រទេសតូចមែន តែមានបេះដូងធំ»៕