ខេត្តចំនួន៤ ត្រូវបានប្រកាសតែងតាំងអភិបាលថ្មី បន្ទាប់ពីអភិបាលខេត្តទាំង៤ ត្រូវបានជ្រើសសំរាំង ចូលជាសមាជិករាជរដ្ឋាភិបាល ក្នុងឱកាសសើរើគណៈរដ្ឋមន្ត្រីនាពាក់កណ្តាលអាណ្ណត្តិនេះ ។ ខេត្តទាំង៤ ដែលប្រកាសឈ្មោះអភិបាលថ្មី រួមមានៈ ខេត្តបន្ទាយមានជ័យ… ខេត្តកំពង់ស្ពឺ… ខេត្តកំពត និងខេត្តស្វាយរៀង ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ទី១៨ ខែមីនា នេះ លោក សួន បវរ ត្រូវតែងតាំងជាអភិបាលខេត្តបន្ទាយមានជ័យ… លោក វ៉ែ សំណាង តែងតាំងជាអភិបាលខេត្តកំពង់ស្ពឺ… លោក ចាន់ ចេស្តា តែងតាំងជាអភិបាលខេត្តកំពត និង លោក ម៉ែន វិបុល តែងតាំងជាអភិបាលខេត្តស្វាយរៀង ។
ចំណែកអតីតអភិបាលខេត្តបន្ទាយមានជ័យ លោក គោស៊ុំ សារឿត ត្រូវបានតម្លើងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម… លោក ជៀង អំ អតីតអភិបាលខេត្តស្វាយរៀង តម្លើងជារដ្ឋលេខាធិការក្រសួងការពារជាតិ… លោក ខូយ ឃុនហ៊ួ អតីតអភិបាលខេត្តកំពត តម្លើងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និង លោក អ៊ូ សំអួន អតីតអភិបាលខេត្តកំពង់ស្ពឺ បានតម្លើងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ៕